(វ៉ាស៊ីនតោន)៖ ធនាគារកណ្តាលសហព័ន្ធអាមេរិកកំពុងត្រៀមខ្លួនប្រកាសពីការកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ៤ឆ្នាំនៅថ្ងៃពុធសប្តាហ៍នេះ ដោយក្រុមអ្នកបង្កើតគោលនយោបាយរំពឹងថានឹងជជែកគ្នាថាតើការកាត់បន្ថយនេះនឹងធ្វើឡើងក្នុងកម្រិតណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលអាមេរិក រួមទាំងទេសាភិបាលលោក Jerome Powell ផងដែរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្ហាញថា ការកាត់បន្ថយអត្រាការប្រាក់នឹងធ្វើឡើងក្នុងខែនេះ ដោយសារអតិផរណាធ្លាក់ចុះឆ្ពោះទៅរកកម្រិតគោលដៅរយៈពេលវែងរបស់ធនាគារដែលមានចំនួន ២ភាគរយ ហើយទីផ្សារការងារនៅតែបន្តស្ថិតក្នុងស្ថានភាពល្អ។
ធនាគារកណ្តាលអាមេរិកដែលដំណើរការដោយឯករាជ្យដើម្បីធានាបានទាំងស្ថិរភាពថ្លៃនិងអត្រាការងារធ្វើប្រកបដោយនិរន្តរភាពឱ្យដល់កម្រិតអតិបរមានោះ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួននឹងធ្វើការសម្រេចចិត្តរបស់ខ្លួនអំពីការកាត់បន្ថយអត្រាការប្រាក់ដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ច។
ប៉ុន្តែការកាត់បន្ថយនៅថ្ងៃពុធសប្តាហ៍នេះនៅតែអាចបង្កឱ្យមានភាពឈឺក្បាលសម្រាប់លោកទេសាភិបាល Powell ព្រោះវានឹងធ្វើឡើងមុនពេលបោះឆ្នោតតែបន្តិចប៉ុណ្ណោះដែលមានការប្រជែងគ្នារវាងអតីតប្រធានាធិបតីសាធារណរដ្ឋលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្នគឺអ្នកស្រី ខាម៉េឡា ហារីស។
លោក Alicia Modestino សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Northeastern បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ដូចដែលខ្ញុំគិតថា ធនាគារកណ្តាលព្យាយាមនិយាយថា ពួកគេមិនលម្អៀងផ្នែកនយោបាយ យើងកំពុងស្ថិតក្នុងវដ្តដ៏ពិបាកនៅពេលនេះ»។
ការជជែកដេញដោលក្នុងចំណោមអ្នកបង្កើតគោលនយោបាយនៅថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះទំនងជាផ្តោតលើថាតើត្រូវដំឡើងអត្រាការប្រាក់ចំនួន ២៥ ឬ ៥០ចំណុចមូលដ្ឋាន។
ទោះជាយ៉ាងណា ការកាត់បន្ថយអត្រាការប្រាក់ក្នុងទំហំណាមួយនឹងជាការកាត់បន្ថយលើកទីមួយរបស់ធនាគារកណ្តាលអាមេរិកគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក នៅពេលដែលធនាគារនេះបានកាត់បន្ថយអត្រាការប្រាក់មកត្រឹមជិតសូន្យ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចអាមេរិកឱ្យឆ្លងផុតពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕