(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (ស.ស.អ.ក) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា» និងសហការរៀបចំសិក្ខាសាលា ស្តីពី «កាលានុវត្តភាពតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា»។
កម្មវិធីចុះ MOU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងបង្កើតនូវកិច្ចសហការក្នុងការលើកកម្ពស់ ព្រមទាំងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រនៅកម្ពុជា ដល់សមាជិករបស់ ស.ស.អ.ក ឱ្យមានលទ្ធភាពសមស្របក្នុងការរៀបចំខ្លួន ចូលរួមវិនិយោគ និងស្វែងរកហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាពង្រឹងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្ម ប្រកបដោយតម្លាភាព និងទំនុកចិត្តនៅព្រះរាជាណាចក្រកម្ពុជា។
ផ្សារភ្ជាប់នឹងសិក្ខាសាលាអំពីឱកាសវិនិយោគ និងការស្វែងរកហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ ក៏មានការចែករំលែកបទពិសោធ ពីក្រុមហ៊ុនមូលបត្រ ដែលទទួលបានពានរង្វាន់ក្រុមហ៊ុនមូលបត្រឆ្នើម និងវិនិយោគិនលក់រាយអំពីបទពិសោធ នៃការជួញដូរក្នុងទីផ្សារមូលបត្រ និងការចែករំលែកបទពិសោធពីក្រុមហ៊ុនបោះផ្សាយ អំពីប្រភពហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ និងនិរន្តរភាពអាជីវកម្ម។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា៖ «ទីផ្សារមូលបត្រ គឺប្រភពនៃឱកាស ដែលអនុញ្ញាត ឱ្យវិនិយោគិនធ្វើពិពិធកម្មវិនិយោគរបស់ខ្លួន ដោយប្រើដើមទុនតិច ឱកាសចំណេញខ្ពស់ និងងាយស្រួលក្នុងការចាប់ផ្តើម។ ជាមួយគ្នានេះ ទីផ្សារនេះ ក៏ជាប្រភពផ្តល់ទុនមិនចេះរីងស្ងួត ដែលជាកូនសោសម្រាប់ក្រុមហ៊ុន ដែលមានបំណងស្វែងរកដើមទុនបន្ថែម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ និងមានលក្ខណៈស្តង់ដាផងដែរ»។
ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា «ស.ស.អ.ក មានសេចក្ដីសោមនស្សរីករាយ ក្នុងការទទួលបានឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ន.ម.ក ហើយ ស.ស.អ.ក ប្ដេជ្ញាលើកទឹកចិត្ត និងចូលរួមផ្សព្វផ្សាយដល់សមាជិក-សមាជិកានៃសហព័ន្ធ និងវិនិយោគិន បន្តសិក្សាស្វែងយល់ និងទទួលបានចំណេះដឹងពាក់ព័ន្ធ ជាពិសេសជំរុញការចាប់យកឱកាសវិនិយោគថ្មីៗ ក្នុងន័យរួមចំណែកអភិវឌ្ឍដល់វិស័យមូលបត្រនៅកម្ពុជា»៕