(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នឹងធ្វើការរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី «ឱកាសវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្ពុជា»។
សិក្ខាសាលានេះនឹងត្រូវរៀបចំឡើងក្រោមអធិបតីភាព លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះ គ្រោងនឹងប្រពឹត្តទៅចំនួនកន្លះថ្ងៃ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តាមប្រព័ន្ធ Zoom Conference ជូនដល់បណ្តាក្រុមហ៊ុនអឺរ៉ុបជាសមាជិក EuroCham Cambodia ដែលមានការិយាល័យនៅប្រទេសកម្ពុជា និងក្រៅប្រទេសមានចំនួនសរុបប្រមាណ ២០០នាក់។
សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលធ្វើបទបង្ហាញ ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP Management Framework) និងបញ្ជីគម្រោង PPP អាទិភាព ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត និងគ្រប់គ្រងគម្រោង PPP ក្នុងគោលបំណង ដើម្បីកៀរគរវិនិយោគិនបរទេស ពីបណ្ដាប្រទេសអឺរ៉ុបបន្ថែមទៀត ចូលមកវិនិយោគនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕