(ភ្នំពេញ)៖ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យវិនិយោគិន ត្រៀមខ្លូន ក្នុងការចូលរួមក្នុងគម្រោងវិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយពេលខាងមុខរដ្ឋនឹងបើកឱកាសឱ្យមានការវិនិយោគរួមគ្នា រវាងរដ្ឋ និងឯកជន លើវិស័យកសិកម្ម និងឧស្សាហកម្ម។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទាំងអស់គ្នាត្រៀមបន្តិចទៀត រាជរដ្ឋាភិបាលនឹងរុញ PPP ទៅក្នុងវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ដែលការវិនិយោគ គឺគាំទ្រដោយរដ្ឋ ចូលទៅជួយគាំទ្រវិស័យឧស្សាហកម្ម និងវិនិស័យកសិកម្ម ខណៈកន្លងមកគម្រោង PPP ធ្វើតែទៅលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន ឬកំពង់ផែ»។
លោកបណ្ឌិតតាន់ មុនីវណ្ឌ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងវេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម (Investment Roadshow) សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ ណូវ៉ូតែលភ្នំពេញ។
វេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ពីរខែម្តង ដោយសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)។ Investment Roadshow ជាវេទិកាឯកជនសម្រាប់វិនិយោគិន និងសហគ្រិនទាំងក្នុង និងក្រៅប្រទេស ក្នុងការចាប់យកឱកាសវិនិយោគ និងចូលរួមក្នុងកិច្ចពិភាក្សា អំពីលទ្ធភាព នៃការវិនិយោគនាពេលអនាគត គំនិតអាជីវកម្ម ការដោះដូរចំណេះដឹងគ្នាទៅវិញទៅមក និងការពង្រីកបណ្តាញនៃបុគ្គលដែលមានវិជ្ជាជីវៈក្នុងកិច្ចការវិនិយោគ។
ក្នុងវេទិកានេះដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ IDI បានបង្ហាញនូវឱកាសវិនិយោគរួមគ្នាមួយចំនួន ដល់វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសទៅលើវិស័យកសិកម្ម អចនលទ្រព្យ និងវិស័យសេវាកម្ម។
ក្នុងឱកាសនោះដែរ លោកបានលើកឡើងពីឱកាសវិនិយោគ លើដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ដោយលោកសង្កេតឃើញថា បច្ចុប្បន្ននេះតម្រូវការកើនឡើង តែការផ្គត់ផ្គង់ធ្លាក់ចុះ ដែលជាឱកាសល្អក្នុងការទាញផលពីការវិនិយោគ លើដំណាំការកាហ្វេនេះ ទាំងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
លោកបានលើកឡើងបន្ថែមថា ចំពោះអ្នកដែលមានបំណងចង់សិក្សា ពីឱកាសនៃការវិនិយោគនៅកម្ពុជា រៀនសូត្របន្ថែមទាក់ទងនឹងការវិនិយោគ ស្វាគមន៍មកចូលរួមជាមួយវេទិកាផ្លាស់ប្តូរវិនិយោគ និងឱកាសអាជីវកម្ម ដែលសមាគម IDI បានរៀបចំឡើងរយៈពេល២ខែម្តង៕