(ភ្នំពេញ)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាបានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរ IndiGo របស់ឥណ្ឌា នឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុងញូវដេលី-ភ្នំពេញ (New Delhi - Phnom Penh) និងទីក្រុងកុលកាតា-សៀមរាប (Kolkata - Siem Reap) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះថា កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរ IndiGo រួចស្រេចហើយ រង់ចាំតែការហោះហើរជាក់ស្តែងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
លោកបន្តថា ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរ អាចនឹងពន្យារពេលរហូតដល់ដើមឆ្នាំ២០២៥វិញ។
បើតាមលោក ស៉ីន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាលនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។
គួរជម្រាបផងដែរថា កាលពីខែមិថុនា ២០២៤ ក្រុមហ៊ុនអាកាសចរកម្ពុជា Cambodia Angkor Air បានចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង ៤ជើងក្នុងមួយសប្តាហ៍។ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានចាត់ទុក ការចាប់ផ្តើមបើកជើងហោះហើរទៅមករវាងកម្ពុជា-ឥណ្ឌា នឹងក្លាយជាឱកាសដែលកម្ពុជា ទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាបន្ថែម។
តែយ៉ាងនេះក្តី លោក ស៉ីន ចាន់សិរីវុត្ថា លើកឡើងថា ដោយសារកត្តាស្ថានភាពសេដ្ឋកិច្ចសកល ទីផ្សារហោះហើររវាងកម្ពុជា និងឥណ្ឌា ហាក់មិនទាន់ល្អប្រសើរនោះទេ ខណៈជើងហោះហើរប្រចាំសប្តាហ៍ក៏មានការប្រែប្រួលផងដែរ ដោយសប្តាហ៍ខ្លះមានការហោះហើរ៤ជើង ខ្លះចុះមក៣ជើង និង២ជើង។ ទោះយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Cambodia Angkor Air (Air Cambodia) នៅតែខិតខំជំរុញ និងផ្សព្វផ្សាយទីផ្សារនេះ ឱ្យបានកាន់តែប្រសើរឡើង៕