(បាត់ដំបង)៖ បន្ទាប់ពីចុះពិនិត្យស្ថានភាពទិញស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ នៅតាមខេត្តជុំវិញបឹងទន្លេសាប ពេញមួយថ្ងៃទី៩ ខែតុលារួចមក, នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បណ្តារោងម៉ាស៉ិនកិនស្រូវ។
កិច្ចប្រជុំនេះ មានការចូលរួមពីឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងជាប្រធានក្រុមហ៊ុនអេមរុរ៉ាយស៍, ឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា និងក្រុមហ៊ុន បៃតងកម្ពុជា, លោក លន់ យ៉េន អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ មានគោលបំណងចែករំលែកព័ត៌មានថ្មីៗ អំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ។
បណ្ឌិត កៅ ថាច បានគូសរំលេច និងបញ្ជាក់ថា ថ្មីៗនេះមានព័ត៌មានជាច្រើនតាមបណ្តាញសង្គម បានចែកចាយអំពីតំលៃស្រូវធ្លាក់ចុះ កសិករលក់ស្រូវមិនចំណេញជាដើម-ល-។ ប៉ុន្តែតាមការចុះជាក់ស្តែងតាមរោងម៉ាស៊ីនជុំវិញបឹងទន្លេសាប ការទិញស្រូវនៅតាមរោងម៉ាស៊ីន គឺសមរម្យ ហើយអាចឱ្យកសិករនៅរក្សាប្រាក់ចំណេញបាន មិនដូចការលើកឡើងតាមព័ត៌មាន តាមបណ្តាញសង្គមនោះទេ។
ដោយឡែកម្ចាស់រោងម៉ាស៊ីនក៏បានបង្ហាញឆន្ទៈ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ និងធានាស្ថិរភាពថ្លៃស្រូវ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានធនាគារ ARDB ជាតួអង្គប្រតិបត្តិករ។
បណ្ឌិតអគ្គនាយក ARDB បន្តលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីន ក្នុងករណីមានតម្រូវការហិរញ្ញប្បទានបន្ថែម សម្រាប់ការទិញស្រូវ អាចទំនាក់ទំនងមកធនាគារ ARDB ដោយទទួលបានអត្រាការប្រាក់អនុគ្រោះ។
បណ្ឌិត កៅ ថាច បានស្នើសុំទៅកាន់ម្ចាស់រោងម៉ាស៊ីនទាំងអស់ ធ្វើការចែករំលែកអំពីព័ត៌មានទីផ្សារស្រូវអង្ករលើទីផ្សារក្នុងស្រុក និងនៅបរទេស ជាពិសេសពិភាក្សាអំពីស្ថានភាពនៃការវិវឌ្ឍន៍តំលៃអង្ករនៅលើទីផ្សារអន្តរជាតិ ជូនដល់អង្គប្រជុំជ្រាប និងបានត្រៀមខ្លួន។
អង្គប្រជុំបានធ្វើការពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នអំពីតំលៃស្រូវនៅកម្ពុជា ធៀបនឹងតំលៃនៅលើទីផ្សារបរទេស និងព្យាករណ៍អំពីបញ្ហាប្រឈមនានារបស់រោងម៉ាស៊ីនកិនស្រូវ នៅពេលអណាគត។ ជាពិសេសការត្រៀមប្រមូលស្រូវវស្សា (រំដួល-ម្លិះ) នៅខែ វិច្ឆិកា និងខែធ្នូខាងមុខនេះ។
អំពីតំលៃអគ្គិសនីវិញ, បណ្ឌិត កៅ ថាច បានស្នើសុំទៅកាន់សហព័ន្ធស្រូវអង្ករ (CRF) ធ្វើការជូនដំណឹង អំពីការចុះថ្លៃពិសេសសម្រាប់រោងម៉ាស៊ីនកិនស្រូវ ទៅសមាជិកទាំងអស់អោយបានជ្រាប។ បន្ថែមលើនេះ អង្គប្រជុំបានបន្ត ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវ និងលើកដំដោះស្រាយដើម្បីកែលម្អ។
លោកបណ្ឌិត បានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមធ្វើការគិតគូរអំពីស្តុកស្រូវ ដើម្បីធានាអំពីសន្តិសុខស្បៀងសម្រាប់ប្រទេសយើង។
លោកបណ្ឌិតលើកទឹកចិត្ត និងស្នើសុំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ បន្តពង្រឹងសាមគ្គីភាព ដើម្បីលើស្ទួយវិស័យស្រូវអង្កររបស់កម្ពុជា ឱ្យមានការរីកចំរើន ដើម្បីសម្រេចគោលដៅនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារបរទេស។
ក្នុងឱកាសនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា លើបញ្ហាប្រឈមមួយចំនួនផ្សេងទៀត ក៏ដូចជាដាក់ចេញជាដំណោះស្រាយផងដែរ។
សូមបញ្ជាក់ផងដែរថា នេះជាកិច្ចប្រជុំធ្វើឡើងរវាងធនាគារ ARDB និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងតំបន់បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ជាប្រចាំដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)៕