(ភ្នំពេញ)៖ ម្ចាស់អាជីវកម្ម ឬសហគ្រាស ដែលកំពុងជាប់បំណុលពន្ធ ហើយពុំមានលទ្ធភាពទូទាត់បំណុលពន្ធបានសរុបបាន អាចមានសិទ្ធិស្នើសុំទូទាត់បំណុលពន្ធជាដំណាក់កាលរហូតដល់ ៣ឆ្នាំ។ នេះបើតាមការលើកឡើងរបស់មន្រ្តី អគ្គនាយកដ្ឋានពន្ធដារ។
លោក បាវ ពេជតិរុណ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា»។
លោកបានគូសបញ្ជាក់ថា ការទូទាត់បំណុលពន្ធ ជាដំណាក់កាល ជាទូទៅត្រូវបានកំណត់ជាខែ មានន័យថា ១ដំណាក់កាល ស្មើនឹង១ខែ ហើយការអនុញ្ញាតទូទាត់បំណុលពន្ធជាដំណាក់កាល មានរយៈពេលច្រើនបំផុត ៣ឆ្នាំ ដោយកំណត់ការប្រាក់ដូចតទៅ៖ ឆ្នាំទី១ ការប្រាក់ត្រូវបានលើកលែង ឆ្នាំទី២ ត្រូវបង់ការប្រាក់បន្ថែម តាមអត្រាទីផ្សារ ដែលគណនាជាមធ្យមភាគ ដោយអគ្គនាយកដ្ឋានពន្ធដារ និងឆ្នាំទី៣ ត្រូវបង់ការប្រាក់បន្ថែមតាមអត្រា ១,៥% ក្នុងមួយខែ។
សូមជម្រាបថា បំណុលពន្ធ គឺសំដៅទៅលើពន្ធ ឬអាករគ្រប់ប្រភេទ ដែលអ្នកជាប់ពន្ធមិនបានបង់ តាមការកំណត់ដែលត្រូវបង់។ បំណុលពន្ធនេះរួមបញ្ចូលផងដែរ នូវប្រាក់ពន្ធបន្ថែម និងការប្រាក់។ មូលហេតុដែលនាំឱ្យមានបំណុលពន្ធ គឺដោយសារតែមានការធ្វេសប្រហែស ការគេចវេសពន្ធ ឬការប្រព្រឹត្តិអំពើរាំងស្ទះ ក្នុងការអនុវត្តបទបញ្ញត្តិស្តីពីពន្ធដារ ជាដើម។
បើតាមលោក បាវ ពេជតិរុណ ដើម្បីស្នើសុំទូទាត់បំណុលពន្ធ ជាដំណាក់កាល អ្នកជាប់ពន្ធត្រូវដាក់ពាក្យស្នើសុំដែលមានចុះហត្ថលេខាម្ចាស់សហគ្រាស ឬអ្នកតំណាង ស្របច្បាប់មកកាន់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖
* លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ឬលិខិតជូនដំណឹងស្តីពីការទារបំណុលពន្ធ ឬលិខិតជូនដំណឹងស្តីពីការរំលឹកការទារ បំណុលពន្ធ ឬលិខិតបញ្ជាក់ស្ថានភាពបំណុលពន្ធ
* ឯកសារឬភ័ស្តុតាងសមស្របបញ្ជាក់ពីកង្វះលទ្ធភាព ក្នុងការទូទាត់ប្រាក់ពន្ធតែមួយលើកបាន ជាអាទិ៍មាន របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍ធនាគាររបស់សហគ្រាសនិងម្ចាស់សហគ្រាស ឬភ័ស្តុតាងនានាដែលបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាប់ពន្ធ ឬដើម្បីធានាក្នុងការទូទាត់បំណុលពន្ធជា ដំណាក់កាលនេះ អ្នកជាប់ពន្ធត្រូវតម្កល់មូលប្បទានបត្រ និងកិច្ចសន្យា
* លិខិតស្នាមផ្សេងៗដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអគ្គនាយកដ្ឋានពន្ធដារ ក្នុងករណីមានការប្រែប្រួលស្ថានភាព ប្រាក់ពន្ធឬបំណុលពន្ធលេខទូរស័ព្ទ ដែលអាចទាក់ទងបាន ដោយមានបញ្ជាក់អំពីឈ្មោះនិងតួនាទីច្បាស់លាស់។
សូមស្តាប់ការពន្យល់លម្អិតរបស់ លោក បាវ ពេជតិរុណ៖