(ភ្នំពេញ)៖ ស្របពេលដែលក្រសួងទេសចរណ៍ កំពុងសិក្សាលើ​គម្រោង​ទេសចរណ៍ «ប្រទេស៦ គោលដៅតែ១​, Six countries, One Destination» ដែលផ្តួចផ្តើមឡើងដោយប្រទេសថៃ អ្នកជំនាញក្នុងវិស័យទេសចរណ៍ បាន​គាំទ្រឱ្យកម្ពុជា ចូលរួមក្នុងគម្រោងនេះ ដើម្បីចាប់ឱកាស​ស្រូបយកភ្ញៀវទេសចរណ៍ តាមរយៈគម្រោងនេះ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ​បាន​ប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាគួរចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ ប៉ុន្តែត្រូវជំរុញឲ្យគម្រោងនេះមានតម្លាភាព ពីព្រោះនេះជាគំនិតរបស់ប្រទេសថៃ​ដែលគេតែងមានផែនការជាក់លាក់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រទេសគេ​។

លោកកត់សម្គាល់ថា ថៃមានភាពវ័យឆ្លាតលើវិស័យទេសចរណ៍ តាមរយៈការបង្កើតផលិតផល ឬកញ្ចប់ទេសចរណ៍ថ្មី ​ដោយបានចាត់ទុកខ្លួនឯងថា ជាច្រកទ្វារមកដល់ដំបូង នៃការមកដល់នៃភ្ញៀវទេសចរ មុននឹងនាំភ្ញៀវទាំងនោះបន្ត​ទៅទស្សនាប្រទេសទាំង ៥ផ្សេងទៀត។​​

លោកមានប្រសាសន៍ថា​ ដើម្បីជៀសវាងនូវការបាត់បង់ នូវផលប្រយោជន៍របស់កម្ពុជា​, ​កម្ពុជាក៏ត្រូវតែមានយន្តការ ​និងផែនការជាក់លាក់​ដូចគ្នា ដើម្បីឆក់ឱកាសទទួលបានភ្ញៀវទេសចរ។

​លោកបានលើកឡើងបន្ថែមថា ប្រទេសទាំង៤ រួមមានកម្ពុជា ថៃ វៀតណាម និងឡាវ គឺជាប្រទេស ដែលស្ថិតនៅក្នុងគោលដៅដើរទស្សនា របស់ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប។ ហេតុនេះហើយបើសិនជា មានគោលនយោបាយទិដ្ឋាការរួមគ្នាតែមួយ អាចជារឿងល្អសម្រាប់កម្ពុជា។

ជាមួយគ្នានេះ លោកក៏គាំទ្រឱ្យប្រទេសអាស៊ានទាំង១០ រួមទាំង ទីម័រខាងកើត គួរតែមានគោលនយោបាយ និងទិដ្ឋិការរួមគ្នាតែមួយផងដែរ។

​​គម្រោង​ទេសចរណ៍ «ប្រទេស៦ គោលដៅតែ១​, Six countries, One Destination» ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលថៃ ក្នុងអាណត្តិដឹកនាំដោយ ​លោក សេដ្ឋា ថៈវីស៊ីន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ របស់ប្រទេសជាសមាជិកអាស៊ានចំនួន ៦ប្រទេស ជាពិសេសជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនជាងមុន។ ប្រទេសទាំង៦ ដែលថៃកំណត់នៅក្នុងគម្រោងរបស់ខ្លួន នោះរួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ ភូមា និងម៉ាឡេស៊ី។​​

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលានេះថា នេះគឺជាឱកាសមួយ សម្រាប់កម្ពុជា ព្រោះថៃ គឺជាទីតាំងទេសចរណ៍ដ៏មានសក្តានុពលធំមួយនៅអាស៊ី ​ដែលទទួលភ្ញៀវទេសចរប្រមាណពី២៩ ទៅ ៣០លាននាក់ក្នុងមួយឆ្នាំៗ។ ដូច្នេះហើយនៅពេលដែលថៃ បង្កើតឱកាសនេះ ​កម្ពុជាក៏គួរតែចាប់យកឱកាសនេះ ដើម្បីទទួលបានលំហូរទេសចរណ៍។

យ៉ាងណាមិញ លោកថា ការចូលរួមក្នុងគម្រោងនេះ កម្ពុជាអាចនឹងរងផលប៉ះពាល់ខ្លះ តាមរយៈការបាត់បង់នូវចំណូលពីទិដ្ឋិការ ប៉ុន្តែរដ្ឋអាចស្រង់យកចំណូលវិញ តាមរយៈពន្ធពីវិស័យឯកជន ដែលផ្តល់នូវសេវាស្នាក់នៅ ដឹកជញ្ជូន និងភោជនីយដ្ឋានជាដើម។

យោងតាមសេចក្តីបំភ្លឺ របស់ក្រសួងទេសចរណ៍កម្ពុជា នា​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា នៅពុំទាន់មានការឯកភាពគាំទ្រណាមួយ លើគម្រោងទិដ្ឋាការទេសចរណ៍ «ប្រទេស៦ គោលដៅ១» ដែលផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលថៃនៅឡើយទេ។

​ការបំភ្លឺរបស់ក្រសួងទេសចរណ៍ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជួបពិភាក្សាការងារជាមួយលោក Dustin MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូក្នុងកាលពីថ្ងៃទី២១ ខែតុលា និងមានចុះផ្សាយតាមបណ្តាកាសែតថៃមួយចំនួនថា កម្ពុជាបានយល់ស្រប និងគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ។​

​ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងជំនួប​នោះ ក្រសួងទេសចរណ៍បានបញ្ជាក់ទៅភាគីថៃថា ក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម គោលនយោបាយទិដ្ឋាការតែមួយរបស់ថៃ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានប្រាប់ឱ្យភាគីថៃ ផ្តល់ឯកសារទស្សនទាន គ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធគំនិតផ្តួចផ្តើមនេះ តាមផ្លូវការទូត មកកាន់ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា​៕