(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ ​ពោលគឺផលិតផលទាំងអស់ ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស។

លោកស្រី ចម និម្មល គូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី «ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស» នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់អេនមូន រីវើសាយ ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

​លោកស្រីរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណដល់ លោកស្រីឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ច និងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរ ពិតជាមានបំណងទាញយកប្រយោជន៍ ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងថែមទៀត។

លោក​ស្រីបានគូសបញ្ជាក់ថា «តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះ ត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP»​៕