(ភ្នំពេញ)៖ លោកបណ្ឌិត ឌី សុផាន់ ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត បានចែករំលែកពីគន្លឹះ ៤ចំណុចក្នុងការបង្កើតអាជីវកម្មដែកស្មិត ដែលមានស្តង់ដារ គុណភាព ទទួលស្គាល់ពីអតិថិជន ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរ។
លោកបានលើកឡើងថា ដើម្បីបង្កើតអាជីវកម្មផលិតដែកស្និត ដែលមានស្តង់ដារ និងឈរជើងបានយូរ ទី១.ត្រូវដឹងពីបច្ចេកទេសនៃការធ្វើដែកស្មិត ទី២. ត្រូវដឹងពីវត្ថុធាតុដើមនៃការផលិតដែកឱ្យច្បាស់ ទី៣. ត្រូវសិក្សាពីខ្សែចង្វាក់នៃការផលិតដែកស្មិត និងចំណុចចុងក្រោយដែលសំខាន់ គឺម្ចាស់អាជីវកម្ម ត្រូវដាក់ចិត្តដាក់កាយធ្វើអាជីវកម្មមួយនេះឱ្យបានច្បាស់ កុំធ្វើលេងៗ ហើយចង់បានផលមែនទែន ត្រូវយកអារម្មណ៍មកដាក់លើផលិតផលហ្នឹង នោះទើបយើងដឹងថា ផលិតផលនោះធ្វើហើយមានស្តង់ដារ ឬមិនស្តង់ដារគុណភាពសម្រាប់អតិថិជន។
លោកបណ្ឌិត ឌី សុផាន់ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍ពិតរបស់ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត ក្នុងការចាប់ផ្តើមអាជីវកម្មដំបូង»។
បន្ថែមពីនេះ ដើម្បីឱ្យផលិតផលដែលផលិតដោយកូនខ្មែរ ទទួលបានការគាំទ្រជាងផលិតផលនាំចូលពីបរទេស ម្ចាស់សិប្បកម្ម ឬសហគ្រាស ត្រូវផ្តល់ទំនុកចិត្តដល់អតិថិជន ថាការផលិតនោះមិនមានការកេងបន្លំ ហើយត្រូវធ្វើតាមស្តង់ដារបច្ចេកទេស ដែលមានគុណភាព ។ កុំដើម្បីតែចំណេញមួយពេលនាំឱ្យបាត់បង់ប្រយោជន៍ ពោលគឺត្រូវរក្សានូវកេរ្តិ៍ឈ្មោះ កិត្តិយស។
លើសពីនេះទៅ ដើម្បីឱ្យអាជីវកម្មមួយឈរជើងបានយូរ ម្ចាស់អាជីវកម្មក៏ត្រូវសិក្សាពីការគ្រប់គ្រងទូទៅ ដូចជាការគ្រប់គ្រងចំណូលចំណាយ ការធ្វើទីផ្សារ និងការគ្រប់គ្រងស្តុកជាដើម៕
សូមស្តាប់ការលើកឡើងពីបទពិសោធន៍បង្កើតអាជីវកម្មផលិតដែកស្មិតរបស់ លោកបណ្ឌិត ឌី សុផាន់ បន្ថែម៖