(ភ្នំពេញ)៖ លោកបណ្ឌិត ឌី សុផាន់ ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត ដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងការបើកអាជីវកម្មរបស់ខ្លួននៅកម្ពុជា បានផ្តាំផ្ញើដល់ម្ចាស់អាជីវកម្ម ដែលទើបនឹងចាប់ផ្តើមអាជីវកម្ម ក៏ដូចជា អ្នកដែលបានចាប់ផ្តើមអាជីវកម្មច្រើនឆ្នាំ សូមដាក់ចិត្តដាក់កាយក្នុងការធ្វើអាជីវកម្មអ្វីមួយ ត្រូវតាំងចិត្តធ្វើឱ្យបានច្បាស់ កុំគ្រាន់តែធ្វើឱ្យតែបានៗ ហើយអ្វីដែលពិសេស ហើយត្រូវហ៊ានទទួលស្គាល់នូវចំណុចអវិជ្ជមាននៃផលិតរបស់ខ្លួន ហើយយកមកកែប្រែ ដើម្បីឱ្យផលិតផលនោះកាន់តែប្រសើរជាងមុន។

លោកបានលើកឡើងថា ផលិតករ មិនគួរលាក់បាំងនូវចំណុចខ្វះខាត នៃផលិតផលរបស់ខ្លួននោះទេ។ ប្រសិនបើម្ចាស់អាជីវកម្មព្យាយាមលាក់បាំង នូវចំណុចខ្សោយ ឬចំណុចខ្វះខាតនៃផលិតផល នោះគឺជាចំណុចដែលខុសឆ្គង។ ដូច្នេះហើយ ផលិតករ ត្រូវតែហ៊ានទទួលស្គាល់នូវចំណុចខ្វះខាត ហើយត្រូវប្រឹងប្រែង ស្រាវជ្រាវកែប្រែផលិតផលនោះឱ្យក្លាយជារបស់ល្អ មានគុណភាព ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។

លោកបានឱ្យដឹងថា ថ្វីត្បិតតែលោកបើកដំណើរការអាជីវកម្មផលិតដែកស្មិតអស់រយៈពេល១០ឆ្នាំ ប៉ុន្តែទើបតែ៤ឆ្នាំចុងក្រោយនេះនោះទេ ដែលផលិតផលរបស់លោក ត្រូវបានផលិតតាមស្តង់ដារ។

លោកទទួលស្គាល់ថា ការចាប់ផ្តើមដំបូង ការផលិតរបស់លោកមិនទាន់មានស្តង់ដារត្រឹមត្រូវនោះទេ ហេតុដូច្នេះហើយទើបលោកព្យាយមរកពីចំណុចខ្វះនៃការផលិតរបស់ខ្លួន និងចាប់ផ្តើមយកចំណុចខ្លះខាតទាំងនោះ យកទៅស្រាវជ្រាវ និងដោះស្រាយ។

បន្ទាប់ពីព្យាយាមរកដំណោះស្រាយទាំងក្នុង និងក្រៅស្រុក បានធ្វើឱ្យផលិតផលរបស់លោកនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតឡើងតាមស្តង់ដារ មានគុណភាពល្អ។ អ្វីដែលពិសេសនោះ ការផលិតគឺប្រើប្រាស់ធនធានតិចជាងមុន ខ្សែច្រវ៉ាក់ផលិតកម្មកាន់តែប្រសើរជាងមុន ខណៈការប្រើប្រាស់វត្ថុធាតុដើមក៏មិនខ្ជះខ្ជាយដូចមុន។

ទន្ទឹមគ្នានេះ លោកលើកទឹកចិត្តដល់អ្នកដែលចាប់ផ្តើម បើកអាជីវកម្មផលិតអ្វីមួយ ត្រូវតែស្វែងយល់ពីផលិតផលនោះឱ្យបានច្បាស់ ទាំងគុណសម្បត្តិ និងគុណវិបត្តិ នោះទើបធ្វើឱ្យអាជីវកម្មដំណើរការល្អ៕

សូមស្តាប់ការលើកឡើងពីបទពិសោធន៍បង្កើតអាជីវកម្មផលិតដែកស្មិតរបស់ លោកបណ្ឌិត ឌី សុផាន់ បន្ថែម៖