(គូឡាឡាំពួ)៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើងដូចការរំពឹងទុកនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ខណៈពេលដែលកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានតាមការព្យាករផ្លូវការដោយសារការកើនឡើងវិនិយោគ និងកំណើនចំណាយក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥,៣% នៅក្នុងត្រីមាសទីបីធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស៊ីគ្នានឹងការព្យាករជាន់ខ្ពស់ និងការព្យាករជាមធ្យមរបស់អ្នកវិភាគនៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងាព័ត៌មាន Bloomberg News។ យោងតាមធនាគារកណ្តាល និងនាយកដ្ឋានស្ថិតិរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្របានឱ្យដឹងថា បើធៀបនឹងត្រីមាសទី២ ឆ្នាំនេះវិញ សេដ្ឋកិច្ចបានកើនឡើង ១,៨% នៅត្រីមាសទី៣ ឆ្នាំនេះ។

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានស្ទុះងើបឡើងវិញខ្លាំងពីឆ្នាំមុន ដែលគាំទ្រដល់ភាពសុទិដ្ឋិនិយមរបស់មន្ត្រីដែលថា តួលេខពេញមួយឆ្នាំអាចលើសពីការព្យាករបឋមចន្លោះពី ៤% ទៅ ៥%។ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីកាលពីខែមុនបានបង្កើនការព្យាករពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនដល់ចន្លោះពី ៤,៨% ទៅ ៥,៣% និងមើលឃើញមានភាពប្រសើរឡើងបន្ថែមទៀតនៅឆ្នាំក្រោយ ខណៈដែលក្រសួងព្យាយាមដំឡើងប្រាក់ឈ្នួលអប្បបរមា និងធ្វើឱ្យប្រទេសក្លាយជាទីតាំងអព្យាក្រឹតសម្រាប់វិនិយោគិនពិភពលោករវាងជម្លោះពន្ធគយដែលអាចកើតរវាងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ និងប្រទេសចិន។

លោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា ខណៈពេលដែលលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិកត្រូវបានកំណត់ថានឹងនាំឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងអាចទប់ទល់នឹងសម្ពាធនេះបាន។

លោកបានមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់ត្រូវកត់សម្គាល់គឺថា យើងកំពុងឈានចូលក្នុងពេលវេលានេះពីស្ថានភាពដែលខ្លាំងមួយ»។ លោកបានបន្ថែមថា៖ «កំណើនសេដ្ឋកិច្ចរបស់យើងភាគច្រើនពឹងផ្អែកលើតម្រូវការក្នុងស្រុក ហើយម៉ាឡេស៊ីមានសេដ្ឋកិច្ច និងដៃគូពាណិជ្ជកម្មចម្រុះ»

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ការវិនិយោគឯកជនបានកើនឡើង ១៥,៥% នៅក្នុងត្រីមាសទីបី ខណៈដែលការចំណាយរបស់រដ្ឋាភិបាល និងក្រុមហ៊ុនសាធារណៈបានកើនឡើង ១៤,៤%។ អតិផរណានៅឆ្នាំ២០២៥ រំពឹងថានឹងមានជាមធ្យមពី ២% ទៅ ៣,៥%៕