(ណាហ្គោយ៉ា)៖ ក្រុមហ៊ុន Toyota Motor Corp បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួនគ្រោងនឹងចាប់ផ្តើមធ្វើតេស្តបើកបរលើផ្លូវសាធារណៈនូវរថយន្តប្រភេទវែននៅប្រទេសអូស្ត្រាលីនារដូវផ្ការីកឆ្នាំក្រោយក្នុងគោលបំណងដាក់បង្ហាញអ្វីដែលជារថយន្តដំបូងគេរបស់ពិភពលោកដែលដំណើរការដោយម៉ាស៊ីនអ៊ីដ្រូសែន និងម៉ូទ័រអគ្គិសនី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូបានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានដាក់បង្ហាញរថយន្តកូនកាត់អ៊ីដ្រូសែននិងអគ្គិសនីម៉ាក HiAce នេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលថ្ងៃសៅរ៍ ដែលមានសមត្ថភាពបើកបរក្នុងរយៈចម្ងាយរហូតដល់ ២៥០គីឡូម៉ែត្រ បោលគឺកើនឡើង ២០% បើធៀបនឹងពេលដែលរថយន្តនេះដំណើរការតែលើអ៊ីដ្រូសែនមួយមុខ។

ការធ្វើតេស្តនេះគឺជាផ្នែកមួយនៃ «យុទ្ធសាស្ត្រពហុមាគ៌ា» របស់ក្រុមហ៊ុនតូយ៉ូតា ដែលតាមរយៈយុទ្ធសាស្រ្តនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះមានគោលបំណងផ្តល់ជូនរថយន្តថាមពលបៃតងជាច្រើនប្រភេទ រួមទាំងរថយន្តកូនកាត់ប្រេងសាំងនិងអគ្គិសនី និងរថយន្តដំណើរការដោយឥន្ធនៈអ៊ីដ្រូសែននិងអគ្គិសនី ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត និងផ្គត់ផ្គង់ដល់តម្រូវការទីផ្សារក្នុងស្រុក។ រថយន្តម៉ាស៊ីនអ៊ីដ្រូសែនបញ្ចេញឧស្ម័នកាបូនិកជិតកម្រិតសូន្យ។

ក្រុមហ៊ុន Toyota បាននិងកំពុងសាកល្បងរថយន្តម៉ាស៊ីនអ៊ីដ្រូសែននៅក្នុងប្រទេសអូស្ត្រាលីចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែបានសម្រេចចិត្តសាកល្បងម៉ូដែលកូនកាត់ជាមួយនឹងម៉ូទ័រអគ្គិសនីវិញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជាការបើកបរបានរយៈចម្ងាយជិត និងកង្វះស្ថានីយអ៊ីដ្រូសែនជាដើម។

អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota លោក Hiroki Nakajima ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូខណៈមានប្រសាសន៍ថា៖ «វាជាការពិតដែលអតិថិជនរបស់យើងបានជួបបញ្ហាជាមួយនឹងការមិនមានស្ថានីយអ៊ីដ្រូសែននៅជិត ក៏ដូចជាការចំណាយខ្ពស់លើឥន្ធនៈ»។ លោកបានបន្ថែមថា «យើងនឹងអត់ធ្មត់និងតស៊ូ» ក្នុងការធ្វើឱ្យសង្គមដែលប្រើប្រាស់ថាមពលអ៊ីដ្រូសែនក្លាយជាការពិត៕