(សេអ៊ូល)៖ ឯកសារបទប្បញ្ញត្តិបានបង្ហាញកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Samsung Electronics គ្រោងនឹងទិញភាគហ៊ុនត្រឡប់មកវិញដែលមានតម្លៃ ១០ពាន់ពាន់លានវ៉ុន (៧,១៧ពាន់លានដុល្លារ) ក្នុងរយៈពេលមួយឆ្នាំដើម្បីបង្កើនតម្លៃភាគហ៊ុនិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយដែលចេញផ្សាយដោយក្រុមហ៊ុន Samsung ថា ក្នុងចំណោមភាគហ៊ុនសរុប ភាគហ៊ុនដែលគិតជាទឹកប្រាក់ចំនួន ៣ពាន់ពាន់លានវ៉ុន ឬស្មើនឹង ៥០,១៤លានភាគហ៊ុនធម្មតា និង ៦,៩១លានភាគហ៊ុនបុរិមា នឹងត្រូវទិញត្រលប់មកវិញក្នុងរយៈពេល ៣ខែបន្ទាប់ ហើយភាគហ៊ុនទាំងអស់នេះនឹងត្រូវបានលុបចោល។
ក្រុមហ៊ុន Samsung បានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួននឹងសម្រេចចិត្តលើមធ្យោបាយនានាដើម្បីបង្កើនតម្លៃភាគហ៊ុនិក រួមទាំងពេលវេលា និងរបៀបប្រើប្រាស់ភាគហ៊ុនដែលនៅសល់ស្មើនឹង ៧ពាន់ពាន់លានវ៉ុននៅក្នុងកម្មវិធីទិញត្រលប់យកមកវិញនេះ។
នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Samsung Electronics សម្រេចចិត្តទិញភាគហ៊ុនត្រឡប់មកវិញគិតចាប់តាំងពីឆ្នាំ២០១៧មក ដែលនៅពេលនោះក្រុមហ៊ុនបានទិញភាគហ៊ុនត្រលប់មកវិញគិតជាទឹកប្រាក់សរុបចំនួន ២០,៧ពាន់ពាន់លានវ៉ុន។
ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំបំផុតក្នុងពិភពលោកនេះបានឱ្យដឹងកាលពីខែមុនថា ក្រុមហ៊ុននឹងផ្តោតលើការផលិតបន្ទះឈីបតម្លៃថ្លៃ និងកំពុងបង្កើតវឌ្ឍនភាពលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ដ៏សំខាន់មួយ ខណៈដែលក្រុមហ៊ុនបានស្វែងរកការបន្ធូរបន្ថយក្តីកង្វល់របស់វិនិយោគិនជុំវិញអាជីវកម្មបន្ទះឈីបរបស់ខ្លួនដែលបានទទួលរងនូវការធ្លាក់ចុះប្រាក់ចំណេញ ៤០ភាគរយ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើនឡើង ៧,២ភាគរយកាលពីថ្ងៃសុក្រ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ និងបានស្ទុះងើបឡើងវិញពីកម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះនៅតែធ្លាប់ចុះថ្លៃ ៣២ភាគរយបើគិតរហូតមកដល់ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕