(ប៉េកាំង)៖ ប្រទេសចិននិងសហភាពអឺរ៉ុបបានឈានដល់ «ការឯកភាពគ្នាផ្នែកបច្ចេកទេស» នៅក្នុងកិច្ចពិភាក្សារបស់ភាគីទាំងពីរក្នុងគោលបំណងកាត់បន្ថយពន្ធគយដែលអឺរ៉ុបបានដកហូតលើរថយន្តអគ្គិសនីរបស់ចិន នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានដកស្រង់សារបង្ហោះដោយគណនី Weibo ដែលមានទំនាក់ទំនងជាមួយទូរទស្សន៍មជ្ឈឹមចិន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ភាគីទាំងពីរបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងស្តីពីអ្វីដែលគេហៅថាជាការអនុវត្តតម្លៃ ពោលគឺជាយន្តការដ៏ស្មុគស្មាញមួយក្នុងការគ្រប់គ្រងតម្លៃ និងបរិមាណនាំចេញ ដែលត្រូវបានប្រើដើម្បីជៀសវាងពន្ធគយ។ ប្រទេសចិននិងសហភាពអឺរ៉ុបបានជួបពិភាក្សាគ្នាពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ហើយបន្ទាប់ពីការពិភាក្សាទាំងនេះ ពួកគេបាននិយាយថា ខ្លួនបានបង្កើត «វឌ្ឍភាពផ្នែក បច្ចេកទេស» និងថា ពួកគេនឹងបន្តការចរចាទៀតនៅសប្តាហ៍នេះ។

ទូរទស្សន៍ CCTV របស់ចិនបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពដែលបានដឹងពីកិច្ចការនេះតែមិនបានផ្តល់អត្តសញ្ញាថា៖ «ការឯកភាពលើក្របខណ្ឌការប្តេជ្ញាចិត្តតម្លៃនេះសំដៅលើកិច្ចព្រមព្រៀងមួយចំនួនដែលភាគីទាំងពីរសម្រេចបាននៅក្នុងជុំចរចានេះនៃការចរចាអំពីក្របខណ្ឌទាំងមូល ដែលបង្ហាញឱ្យឃើញផងដែរថា ភាគីទាំងពីរមានឆន្ទៈផ្តោតធនធានរបស់ពួកគេទៅលើការចរចាអំពីផលប្រយោជន៍ស្នូល និងខិតខំឆ្ពោះទៅរកគោលដៅតែមួយ។

ទីភ្នាកងារព័ត៌មាន Bloomberg បានរាយការណ៍នៅសប្តាហ៍នេះថា សហភាពអឺរ៉ុបមើលឃើញថា វឌ្ឍនភាពនៅក្នុងការចរចានៅមានកម្រិត ហើយបច្ចុប្បន្នអឺរ៉ុបមើលឃើញការរំពឹងទុកតិចតួចក្នុងការសម្រេចបានកិច្ចព្រមព្រៀងរហ័សណាមួយ៕