(ភ្នំពេញ)៖​ បណ្ដាញសហគ្រិន​ស្រ្តីកម្ពុជា (CamWEN) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកបញ្ជាទិញសំខាន់ៗ របស់ចក្រភពអង់គ្លេស ខណៈឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានជំរុញឱ្យ​កម្ពុជា ពង្រីកការនាំចេញទៅកាន់ប្រទេសអង់គ្លេសឱ្យបានកាន់តែច្រើនថែមទៀត។

ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានលើកឡើងថា លោកចង់ឃើញក្រុមហ៊ុនរបស់កម្ពុជាជាច្រើនទៀត ផលិតទំនិញនាំចេញទៅកាន់ទីផ្សារប្រទេសអង់គ្លេស ក្រោមក្របខណ្ឌនៃការទទួលបានការអនុគ្រោះពន្ធផ្សេងៗ ជាពិសេសសហគ្រិនស្រ្តី ខណៈបច្ចុប្បន្ននេះ ស្ថានទូតអង់គ្លេសបាននឹងកំពុងធ្វើការងារយ៉ាងសកម្ម ជាមួយសហគ្រិនស្រ្តីមួយចំនួន ដើម្បីនាំចេញទំនិញរបស់ពួកគេទៅកាន់ទីផ្សារអង់គ្លេស​ ដោយអង់គ្លេសតែងតែផ្តល់សារៈសំខាន់ដល់សមភាពយែនឌ័រនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។

លោកបន្តថា តាមរយៈពិព័រពាណិជ្ជកម្មនាថ្ងៃនេះ មានអត្ថប្រយោជន៍ជាច្រើនជាពិសេស ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអង់គ្លេស និងកម្ពុជា ស្របពេលបច្ចុប្បន្ននេះក៏មានការបង្កើតនូវគម្រោងការងារ នាថ្ងៃអនាគតសម្រាប់អង់គ្លេស និងកម្ពុជា ក្នុងលើកកម្ពស់ការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ​គម្រោងនេះបង្កើតឡើង ដើម្បីជួយដល់សិប្បកម្ម សហគ្រាសរបស់កម្ពុជា ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសប្រទេសអង់គ្លេស ដើម្បីជួយកម្ពុជាកាន់តែមានការរីកចម្រើន និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតការងារបន្ថែមសម្រាប់ពលរដ្ឋកម្ពុជា។

លោកបន្ថែមថា «ខ្ញុំដឹងថា ផលិតផលរបស់អ្នក (កម្ពុជា) សុទ្ធតែល្អ ហើយអ្នកសូមកុំមានការខ្មាសអៀនក្នុងការនាំចេញទៅក្រៅ។ ​[...] បេសកកម្មលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស តាមរយៈស្ថានទូតអង់គ្លេស គឺជាបេសកកម្មមួយ ដែលបានបង្កើតឡើងកាលពីឆ្នាំមុន និងជាបេសកកម្មដ៏ធំមួយ បើយើងប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ នៅលើពិភពលោក​»

លោកស្រីបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្រ្តីអាស៊ាន (AWEN) និងបណ្ដាញសហគ្រិន​ស្រ្តីកម្ពុជា (CamWEN) បានថ្លែងថា តាមរយៈពិព័រណ៍នេះ មានតាំងបង្ហាញនូវផលិតផល​មានគុណភាពល្អ និងមានភាពច្នៃប្រឌិត ​ជាពិសេសផលិតផលវាយណភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលផ្សេងទៀត ដែលបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការទាក់ទាញចំណាប់អារម្មណ៍ទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះដែរលោកស្រីក៏បានគូសបញ្ជាក់ផងដែរពី​កម្មវិធី She Trade ដែលជា​​កិច្ចសហការរវាងរដ្ឋាភិបាលចក្រភពអង់គ្លេស មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និង AWEN ។ គំនិតផ្តួចផ្តើមនេះបាននិងកំពុងផ្តល់អំណាច ដល់សហគ្រិនស្ត្រីនៅកម្ពុជា ​ក្នុងការចូលរួមយ៉ាងសកម្មក្នុងពាណិជ្ជកម្មអន្តរជាតិ។ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព ឱកាសណែនាំ និងការគាំទ្រការចូលប្រើប្រាស់ទីផ្សារ SheTrades កំពុងបើកសក្តានុពលនៃអាជីវកម្មដែលដឹកនាំដោយស្ត្រីនៅក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងសិប្បកម្ម។ ​

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ។ ​

លោកស្រីបានឱ្យដឹងថា រយៈពេល១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រអង់គ្លេស សម្រេចបាន ៦៧៤លានផោន ឬ៨៥០ លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលការនាំចេញរបស់កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ មានកំណើន ២១% ក្នុងនោះផងដែរ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកង់ គឺឈរលើលំដាប់កំពូលទាំងបី នៃមុខទំនិញនាំចេញទាំងអស់។ ជាមួយនឹងលក្ខខណ្ឌពាណិជ្ជកម្ម ដែលមានអំណោយផល ផ្តល់ដោយចក្រភពអង់គ្លេស​ លោកស្រីកត់សម្គាល់ឃើញថា ការនាំចេញផលិតផលធ្វើដំណើរ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៧៦.២៣% ធៀបនឹងឆ្នាំមុន។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា តាមរយៈកម្មវិធីតាំងពិព័រណ៍អន្តរជាតិដែលរៀបចំឡើងដោយបណ្ដាញសហគ្រិន​ស្រ្តីកម្ពុជា និងមានការជួយគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជានេះ នឹងជួយជំរុញឱ្យវិស័យ វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកបញ្ជាទិញនៅប្រទេសអង់គ្លេស ដែលបានមកចូលរួមប្រមាណជាង១០ក្រុមហ៊ុន

លោកបន្ថែមថា «យើងជឿជាក់ថា ឆ្លងកាត់ការតាំងពិព័រណ៍នេះ នឹងអាចទាក់ទាញភ្ញៀវអ្នកវិនិយោគ ដែលដាក់បញ្ជាទិញមកលើផលិតផលស្បែក កាបូប និងសម្លៀកបំពាក់ឱ្យបានកាន់តែច្រើន»

បើតាមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម គិតត្រឹមរយៈពេល១០ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃជាង៤៥.៥ប៊ីលានដុល្លារ ក្នុងនោះការនាំចេញផលិតផលវាយនភណ្ឌមានតម្លៃប្រមាណ ៤០៦លានដុល្លារ កើនឡើង ១៤.៤៧% នាំចេញផលិតផលសម្លៀកបំពាក់ ឈានដល់ជាង៨ប៊ីលានដុល្លារ កើនឡើង២៣.៦៦% និងការនាំចេញស្បែកជើងមានតម្លៃ១.៣ប៊ីលានដុល្លារ កើនឡើង២២.៣៣%៕