(ប៉េកាំង)៖ ក្រុមហ៊ុន Goldman Sachs Group Inc បានឱ្យដឹងថា ប្រាក់យន់របស់ចិនទំនងជានឹងធ្លាក់ចុះថ្លៃបន្ថែមទៀត នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំណេរ របស់ក្រុមអ្នកយុទ្ធសាស្រ្តរួមទាំង លោក Kamakshya Trivedi ខណៈបានសរសេរនៅក្នុងកំណត់ត្រាមួយ កាលពីចុងសប្តាហ៍មុនថា៖ «ប្រទេសចិនទំនងជាគោលដៅចម្បងនៃសង្គ្រាមពាណិជ្ជកម្ម ២.០ របស់លោក ត្រាំ»។ អ្នកយុទ្ធសាស្រ្តទាំងនេះបានប៉ាន់ប្រមាណថា ពន្ធគយលើការនាំចេញរបស់ចិននឹងកើនឡើង ២០ភាគរយ ដែលអាចកើតមានឡើង នៅក្នុងដំណាក់កាលដំបូងនៃការកកើតរដ្ឋាភិបាលរបស់លោក ត្រាំ។

ប្រាក់យន់ដែលបានធ្លាក់ចុះថ្លៃ ១,៧% ធៀបនឹងប្រាក់ដុល្លារអាមេរិកគិតចាប់តាំងពីលោក ត្រាំ បានឈ្នះការបោះឆ្នោត ត្រូវបានគេមើលឃើញថាអាចនឹងធ្លាក់ចុះដល់ ៧,៤យន់ក្នុងមួយដុល្លារពោលនៅក្នុងរយៈពេលបីខែ ខណៈដែលកម្រិតបច្ចុប្បន្នគឺ ៧,២៣យន់។ ក្រុមអ្នកយុទ្ធសាស្រ្តបានបន្ថែមថា ប្រាក់យន់អាចធ្លាក់ចុះបន្ថែមទៀត ដល់ជិតកម្រិត ៧,៥យន់ក្នុងមួយដុល្លារនៅក្នុងរយៈពេល ៦ ទៅ ១២ខែ។

ការងាកទៅរកកិច្ចគាំពារនិយាម ដែលអាចកើតមានណាមួយនៅក្នុងសហរដ្ឋអាមេរិក គំរាមកំហែងការធ្វើពាណិជ្ជកម្មពិភពលោក និងបន្តដាក់សម្ពាធលើទ្រព្យសកម្ម ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក ត្រាំ បានហៅពន្ធគយថាជា «ពាក្យដ៏ស្រស់ស្អាតបំផុតនៅក្នុងវចនានុក្រម»។

ក្រុមអ្នកយុទ្ធសាស្រ្តបានលើកឡើងថា ទោះបីជាមានហានិភ័យពាណិជ្ជកម្មក៏ដោយ ក៏ការខិតខំប្រឹងប្រែងរបស់អ្នកបង្កើតគោលនយោបាយចិន ក្នុងការទប់ស្កាត់ការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទីផ្សារអចលនទ្រព្យ និងភាគហ៊ុនទំនងជានឹងជាកត្តាកំណត់កាន់តែខ្លាំង សម្រាប់ទ្រព្យសកម្មរបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕