(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ បានកត់សម្គាល់ថា កំណើនភ្ញៀវទេសចរនៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងដំណើរសេដ្ឋកិច្ច ដោយភ្ញៀវទេសចរម្នាក់យ៉ាងហោចណាស់ បានចំណាយប្រមាណពី ២៥ដុល្លារទៅ ៤០ដុល្លារ ក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានទេសចរជាតិចំនួន ៧,៧៥៥,០៩២នាក់ កើនឡើង ២១.៤% និងទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ កើនឡើង ២៨.៧%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានប្រមាណជាង៦លាននាក់ និងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ៣០ម៉ឺននាក់។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ភ្ញៀវទេសចរដែលបានចេញដើរកម្សាន្ត នៅក្នុងពិធីបុណ្យអុំទូក បានចូលរួមចំណែកនៅក្នុងសកម្មភាពសេដ្ឋកិច្ច បានច្រើនគួរឱ្យកត់សម្គាល់ តាមរយៈការចំណាយផ្សេងៗ ដែលការចាយវាយទាំងនេះ បានជួយទ្រទ្រង់ដល់ការលក់ដូររបស់អាជីវករ ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា។
លោកបានលើកឡើងថា ការចាយវាយនេះ មិនមែនត្រឹមតែរយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូកទេ ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសចំណុះទូកពីបណ្តាខេត្តនានា គឺបានមកស្នាក់នៅភ្នំពេញ តាំងពីមុនមួយអាទិត្យ ដែលបានចំណាយលុយទៅលើការស្នាក់នៅ ការហូបចុក សម្លៀកបំពាក់ ឬការទិញវត្ថុអនុស្សាវរីយ៍ជាដើម។
លោកបានលើកឡើងថា ប្រសិនបើជាមធ្យម ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំណាយ ២៥ដុល្លារក្នុងមួយថ្ងៃ នោះចរន្តសាច់ប្រាក់ដែលបានចរាចរារណ៍ ក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេល ៣ថ្ងៃនេះពិធីបុណ្យអុំទូកនេះ មានប្រមាណពី៦០០ ទៅ៧០០លានដុល្លារ។ សកម្មភាពនៃការចេញដើរកម្សាន្តនេះ ក៏បង្ហាញថា សេដ្ឋកិច្ចចាប់ផ្តើមមានកំណើនជាបណ្តើរៗផងដែរ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានកត់សម្គាល់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរម្នាក់ ជាមធ្យមចំណាយប្រមាណ ៤០ដុល្លារ ដែលបានផ្តល់ចំណូលយ៉ាងច្រើនចូលនៅក្នុងសេដ្ឋកិច្ច។ ការចំណាយទាំងនេះ បានផ្តល់ប្រយោជន៍យ៉ាងច្រើនទៅដល់ក្រុមហ៊ុនផ្តល់សេវាកម្ម ដឹកជញ្ជូនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការដឹកជញ្ជូននៅក្នុងតំបន់ តាមរម៉ក់កង់បី រថយន្ត សម្រាប់ជិះលេងកម្សាន្ត, សេវាកម្មស្នាក់នៅ ដូចជាសណ្ឋាគារ ផ្ទះសំណាក់, សេវាកម្មម្ហូបអាហារទាំងនៅតាមភោជនីយដ្ឋាន ចំណីតាមផ្លូវ, រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ, មណ្ឌលកម្សាន្ត ក្លឹប កន្លែងម៉ាស្សា ស្ប៉ា ខារ៉ាអូខេ ក៏ដូចជា ការជួលតន្រ្តី និងរបាំបុរាណ ព្រមទាំងការលក់គ្រឿងសម្រាប់ថ្វាយព្រះ សែនព្រេន ដូចជាធូប ទៀន និងផ្កាជាដើម និងការលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ដែលផលិតនៅក្នុងស្រុក។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរអង្គរ បានឱ្យដឹងផងដែរថា ជាទូទៅភ្ញៀវទេសចរបរទេសម្នាក់ចំណាយប្រហែល ៤០ដុល្លារក្នុងមួយថ្ងៃ ទៅការហូបចុក ឈ្នួលដឹកជញ្ជូនពីទីតាំងមួយទៅទីតាំង និងការទិញវត្ថុអនុស្សាវរីយ៍ជាដើម ដោយមិនគិតពីសំបុត្រយន្តហោះ ទិដ្ឋាការ សំបុត្រទស្សនាប្រសាទនានា និងសណ្ឋាគារនោះទេ។ ការចំណាយរបស់ភ្ញៀវទេសចរទាំងនោះ បានជួយយ៉ាងច្រើនទៅអាជីវកម្មតូចតាច និងផ្តល់ការងារទៅដល់មគ្គុទេសក៍ទេសចរផងដែរ ដែលក្នុងមួយថ្ងៃពួកគេអាចរកបានប្រមាណ ៣០ដុល្លារ។
លោកបានឱ្យដឹងផងដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ កំណើនភ្ញៀវទេសចរបានកើនឡើងខ្លាំង ស្របពេលដែលពិធីបុណ្យអុំទូកឆ្នាំនេះ មានរៀបចំបានល្អ ដែលធ្វើឱ្យមគ្គទេសន៍ទេសចរណ៍ មានការងារធ្វើជាមធ្យម ពី១៨ថ្ងៃទៅ២៥ថ្ងៃក្នុងមួយខែ៕