(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា សហការជាមួយសមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដោយមានការអញ្ជើញចូលរួមពី លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងធុរជនជប៉ុន-កម្ពុជាដែលមានចំនួនសរុបប្រមាណ ១២០រូប។

ក្នុងឱកាសនេះដែរ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងថា ជំនួបផ្គូផ្គងធុរកិច្ចនេះ បានធ្វើឡើងក្រោយកិច្ចពិភាក្សាការងាររវាងភាគីសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅទីក្រុងតូក្យូ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្នុងគោលបំណងផ្តល់នូវការធ្វើបច្ចុប្បន្នភាព នៃស្ថានភាពវិនិយោគនៅកម្ពុជា និងផ្តល់នូវកាលានុវត្តភាពក្នុងការជ្រើសរើសដៃគូសម្រាប់ធ្វើជំនួបផ្គូផ្គង ទៅតាមវិស័យនៃអាជីវកម្មរបស់ខ្លួន។ ដូច្នេះ លោកមានសុទិដ្ឋិនិយមថា តាមរយៈជំនួបនាថ្ងៃនេះ ភាគីទាំងពីរនឹងបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកប្រកបដោយទំនុកចិត្ត។

អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំង លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងធុរជនជប៉ុនដែលមានវត្តមាន នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាកិច្ចសហការលើកដំបូងរវាងសមាគមទាំងពីរ និងដោយមានការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអភិបាលផ្នែកបច្ចេកទេសរបស់សមាគមឧកញ៉ាកម្ពុជា លើកិច្ចការធុរកិច្ច និងការវិនិយោគផងដែរ។

អ្នកឧកញ៉ាក៏បានជម្រាបជូនអង្គពិធីទាំងមូលនូវចក្ខុវិស័យ និងបេសកកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ដែលកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច និងមនុស្សធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត និងការរីកចម្រើនដល់ប្រជាជនកម្ពុជា ខណៈដែលសមាគមឧកញ៉ាកម្ពុជា គឺជាបណ្ដុំធុរជនមកពីចម្រុះវិស័យ ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានសមាជិកសរុប ៤២០ រូបដែលកំពុងគ្រប់គ្រងក្រុមហ៊ុន និងសហគ្រាសរហូតដល់ជាង ៨០០ ដោយបង្កើតការងារច្រើនជាង ៥០០,០០០ កន្លែងដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។

អ្នកឧកញ៉ាមានទំនុកចិត្តថា ជំនួបផ្គូផ្គងធុរកិច្ចថ្ងៃនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ បង្កើនភាពស្និទ្ធស្នាល និងពង្រឹងទំនុកចិត្តរវាងធុរជននៃប្រទេសទាំងពីរ សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគឱ្យលេចចេញជារូបរាងឡើងនាពេលខាងមុខ។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកោតសរសើរ ចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខជាពិសេសក្នុងសកម្មភាពជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា លោកមានក្តីរីករាយដែលបានក្លាយជាអ្នកផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគមទាំងពីរតាមរយៈបេសកកម្មគោះទ្វារវិនិយោគ នៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ រហូតលេចចេញនូវការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចនាថ្ងៃនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជា ដែលមានវត្តមាននៅថ្ងៃនេះ ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ខណៈដែលគម្រោងវិនិយោគជប៉ុននៅកម្ពុជា មានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេលមុនការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលលើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្តីពីវិនិយោគ ការគោះទ្វារវិនិយោគក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានាជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈជាដើម ស្របពេលដែលកម្ពុជា មានឧត្តមភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគយ៉ាងសម្បូរបែប មានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថេរភាព មានសេដ្ឋកិច្ចបើកចំហរបំផុត កម្ពុជាក៏មានគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាផ្លូវល្បឿនលឿនដែលកំពុងសាងសង់ និងគ្រោងសាងសង់នាពេលខាងមុខ គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងគម្រោងសាងសង់អាកាសយានដ្ឋានថ្មីជាដើម ជាពិសេសមានសុខសន្តិភាព ដែលធានាដល់ការបណ្តាក់ទុនរយៈពេលវែង និងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ ដែលស័ក្តិសមជាមជ្ឈមណ្ឌលប្រមូលផ្តុំផលិតកម្ម សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងជាច្រកចូលទៅកាន់ទីផ្សារធំៗដែលមានមូលដ្ឋានអ្នកប្រើប្រាស់ច្រើន។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលសមាគមឧកញ៉ាកម្ពុជា បានរៀបចំនូវជំនួបធុរកិច្ចជាមួយភាគីដៃគូជាតិ និងអន្តរជាតិ ដោយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតនានា រួមទាំងអ្នកឧកញ៉ា ឧកញ៉ា និងធុរជនក្នុងស្រុក និងក្រៅប្រទេសប្រមាណជា ៤០០រូប៕