(តូក្យូ)៖ តម្លៃប្រេងឆៅបានកើនឡើងតិចតួចនៅថ្ងៃអង្គារ ក្រោយពេលដែលមានការផ្អាកផលិតកម្មនៅអណ្តូងប្រេង Johan Sverdrup ក្នុងប្រទេសន័រវែស ទោះបីជាវិនិយោគិននៅតែមានការប្រុងប្រយ័ត្នក្នុងគ្រាដែលមានការភ័យខ្លាចអំពីការកើនឡើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ការចែកចាយនៅខែមករាបានឡើងថ្លៃ ១៥សេន ឬ ០,២ភាគរយដល់ ៧៣,៤៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមយប់ថ្ងៃអង្គារ ខណៈពេលដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែធ្នូត្រូវបានជួញដូរក្នុងតម្លៃ ៦៩,៣១ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១៥សេន ឬ ០,២ភាគរយ។
តម្លៃគោលរបស់ប្រេងឆៅទាំងពីរប្រភេទនេះបានឡើងថ្លៃជាង ២ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទបន្ទាប់ពីក្រុមហ៊ុន Equinor របស់ប្រទេសន័រវែសបាននិយាយថា ខ្លួនបានបញ្ឈប់ផលិតកម្មនៅអណ្តូងប្រេង Johan Sverdrup ដែលជាអណ្តូងប្រេងធំជាងគេនៅតំបន់អឺរ៉ុបខាងលិចដោយសារការដាច់ចរន្តអគ្គិសនីនៅក្នុងសមុទ្រ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Equinor ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងថា ការងារឆ្ពោះទៅរកការចាប់ផ្តើមផលិតកម្មឡើងវិញកំពុងដំណើរការ ប៉ុន្តែវាមិនច្បាស់ទេថាតើនៅពេលណាដែលអាចនឹងដំណើរការឡើងវិញទេ។
លើសពីនេះ អណ្តូងប្រេង Tengiz ដែលដំណើរការដោយក្រុមហ៊ុន Chevron និងជាទីតាំងផលិតកម្មប្រេងធំបំផុតរបស់កាហ្សាក់ស្ថានបានកាត់បន្ថយទិន្នផលប្រេងពី ២៨ភាគរយទៅ ៣០ភាគរយដោយសារការជួសជុល ដែលធ្វើឱ្យការផ្គត់ផ្គង់សកលកាន់តែមានតិច។ ក្រសួងថាមពលរបស់ប្រទេសកាហ្សាក់ស្ថានបានឱ្យដឹងថា ការជួសជុលត្រូវបានរំពឹងថានឹងបញ្ចប់នៅថ្ងៃសៅរ៍។
ប្រទេសរុស្ស៊ីបានវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនលើអ៊ុយក្រែនក្នុងរយៈពេលជិតបីខែកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន។
ក្នុងពេលជាមួយគ្នានេដែរ អាមេរិកបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការឱ្យដឹងពីមន្ត្រីសហរដ្ឋអាមេរិកពីរនាក់និងប្រភពដែលដឹងពីការសម្រេចចិត្តនេះកាលពីថ្ងៃអាទិត្យ។
វិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាការសម្រេចចិត្តមិនប្រុងប្រយ័ត្នរបស់រដ្ឋាភិបាលលោក ចូ បៃឌិន ដោយកន្លងមកបានព្រមានជាមុនថា ការសម្រេចចិត្តបែបនេះនឹងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាជាមួយសម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕