(ក្រុងលីម៉ា)៖ នាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក ចាស្ទីន ទ្រុយដូ (Justin Trudeau) បាននិយាយថា រដ្ឋាភិបាលកាណាដាមានក្តីបារម្ភអំពីការកើនឡើងការធ្វើពាណិជ្ជកម្មរវាងប្រទេសម៉ិកស៊ិកនិងប្រទេសចិន ខណៈដែលការចរចាឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងទំនងជានឹងធ្វើឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Trudeau ខណៈថ្លែងនៅឯកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសប៉េរូកាលពីចុងសប្តាហ៍មុនថា៖ «មានការព្រួយបារម្ភអំពីកម្រិតវិនិយោគរបស់ចិននៅក្នុងប្រទេសម៉ិកស៊ិកដែលខ្ញុំគិតថាចាំបាច់ត្រូវដោះស្រាយ»

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានហៅប្រទេសម៉ិកស៊ិកថាជា «ដៃគូរឹងមាំ» ក្នុងអំឡុងពេលចរចាពាណិជ្ជកម្មសេរីជុំចុងក្រោយ និងបាននិយាយថា គាត់សង្ឃឹមថា ម៉ិកស៊ិកអាចធ្វើការរួមគ្នាប្រកបដោយភាពស្ថាបនាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៨ ដើម្បីជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ឬហៅថា NAFTA ហើយការសម្រេចចិត្តលើការបន្តកិច្ចព្រមព្រៀងនេះនឹងត្រូវធ្វើឡើងនៅត្រឹមខែកក្កដា ឆ្នាំ២០២៦ ដែលជាពេលវេលាកំណត់បញ្ចប់កិច្ចព្រមព្រៀងនេះ។ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានគំរាមបើកការចរចាឡើងវិញនូវកិច្ចព្រមព្រៀង។

ទោះជាយ៉ាងណា លោក Trudeau មិនបានលើកឡើងចំៗដូចថ្នាក់ដឹកនាំខេត្តមួយចំនួនរបស់ប្រទេសកាណាដាទេ រួមទាំងអភិបាលខេត្តអូតារីយ៉ូ លោក Doug Ford និងអភិបាលខេត្តអាល់បឺតាលោក Danielle Smith ដែលអ្នកទាំងពីរបាននិយាយថា ប្រទេសកាណាដាគួរតែបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិកដោយសារតែពាណិជ្ជកម្មបើកចំហរកាន់តែខ្លាំងរបស់ប្រទេសម៉ិកស៊ិកជាមួយប្រទេសចិន។

លោក Trudeau បានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើវាបាននៅក្នុងបរិបទនៃការចរចាត្រីភាគី ហើយបន្តនិងពង្រឹងកិច្ចព្រមព្រៀង NAFTA តាមវិធីនានាដែលអាចដំណើរការបានសម្រាប់ប្រទេសទាំងបីរបស់យើង»

យោងតាមទិន្នន័យចងក្រងដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញថា ម៉ិកស៊ិកបាននាំចូលទំនិញពីប្រទេសចិនក្នុងតម្លៃ ១២១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យប្រទេសនេះក្លាយជាដៃគូពាណិជ្ជកម្មធំទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក ដែលបាននាំចូលទំនិញតម្លៃ ២៧១ពាន់លានដុល្លារក្នុងឆ្នាំដដែល។ ម៉ិកស៊ិកបាននាំចូលទំនិញក្នុងតម្លៃ ១៤ពាន់លានដុល្លារពីប្រទេសកាណាដា។

នៅរដូវក្តៅនេះ ប្រទេសកាណាដាបានអនុវត្តតាមសហរដ្ឋអាមេរិកក្នុងការរឹតបន្តឹងលើប្រទេសចិនដោយបានប្រកាសដកហូតពន្ធគយ ១០០% លើរថយន្តអគ្គិសនីចិន និង ២៥% លើដែកថែបនិងអាលុយមីញ៉ូមពីប្រទេសអាស៊ីមួយនេះ៕