(ក្រុងរីយូឌឺចេនេរ៉ូ)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិនចង់ស្តារជើងហោះហើរត្រង់ជាមួយប្រទេសឥណ្ឌាឡើងវិញ ខណៈដែលភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីទាំងពីរមានភាពធូរស្រាលបន្ទាប់ពីជាប់គាំងរយៈពេលបួនឆ្នាំដោយសារជម្លោះព្រំដែន។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិនថា លោក Wang បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីឥណ្ឌាលោក S. Jaishankar នៅទីក្រុងរីយូឌឺចេនេរ៉ូ (Rio de Janeiro) កាលពីថ្ងៃចន្ទថា៖ «យើងគួរតែខិតខំធ្វើឱ្យមានវឌ្ឍនភាពជាក់ស្តែងទាក់ទងនឹងដំណើរការឡើងវិញនូវជើងហោះហើរត្រង់ ការបញ្ជូនអ្នកកាសែត និងការសម្របសម្រួលទិដ្ឋាការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ មន្ត្រីទាំងពីរកំពុងអមដំណើរមេដឹកនាំជាតិរបស់ខ្លួននៅក្នុងទីក្រុងនេះសម្រាប់កិច្ចប្រជុំកំពូលក្រុមប្រទេស G20។
ការអត្ថាធិប្បាយរបស់លោក Wang បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតាមកវិញបន្ទាប់ពីមានភាពតានតឹងរយៈពេល ៤ឆ្នាំជុំវិញជម្រោះព្រំដែនហិមាល័យ របស់ប្រទេសទាំងពីរ។ ការប៉ះទង្គិចគ្នាក្នុងខែមិថុនា ឆ្នាំ២០២០ បានធ្វើឱ្យទាហានឥណ្ឌា ២០នាក់ និងទាហានចិនមិនដឹងចំនួនបានស្លាប់ ដែលនាំឱ្យមានការបង្កើនចំនួនយោធានៅតាមព្រំដែន ការផ្អាកជើងហោះហើរត្រង់ និងការអនុម័តទិដ្ឋាការយឺត។
ភាពតានតឹងបានចាប់ផ្តើមធូរស្រាលនៅពេលដែលប្រធានាធិបតីចិនលោក ស៊ី ជីនភីង និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនដ្រា ម៉ូឌី កាលពីខែតុលាបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនក្នុងរយៈពេលពីរឆ្នាំ ភ្លាមៗបន្ទាប់ពីប្រទេសទាំងពីរបានសម្រេចបានកិច្ចព្រមព្រៀងដើម្បីបញ្ចប់ភាពជាប់គាំងព្រំដែន។
លោក Wang បានប្រាប់លោក Jaishankar ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំពីរដែលនៅជិតខាងគ្នា «ផលប្រយោជន៍រួមរបស់ចិននិងឥណ្ឌា លើសហួសឆ្ងាយពីការខ្វែងគំនិត»។ លោកបានបន្ថែមថា៖ «ភាគីទាំងពីរគួរតែមើលឃើញការអភិវឌ្ឍរបស់គ្នាទៅវិញទៅមកថាជាឱកាស»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕