(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានប្រមាណ ៧៥លានដុល្លារអាមេរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ បន្ទាប់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំនេះ។
ទំហំពាណិជ្ជកម្មនេះ កម្ពុជាបាននាំចេញទំនិញប្រមាណ ៥៥លានដុល្លារទៅអេមីរ៉ាតអារ៉ាប់រួម និងនាំចូលមកវិញប្រមាណ ២០លានដុល្លារ។
នេះបើតាមការលើកឡើងរបស់លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការពាណិជ្ជកម្ម ដែលបានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម(Cambodia-UAE CEPA) នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ ណូវ៉ូតែល ភ្នំពេញ។
ថ្លែងក្នុងវេទិកានេះ លោកស្រី តឹករ៉េត កំរង បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដែលកិច្ចព្រមព្រៀងនេះ ជាសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅ ក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញ ទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។
លោកស្រីបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ(Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជា អាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថាវិស័យឯកជនកម្ពុជានឹងចូលរួមចំណែកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ដែលការណ៍នេះស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ពោលគឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាពេលខាងមុខផងដែរ។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កិច្ចព្រមព្រៀងនេះ មិនត្រឹមតែជួយលុបបំបាត់ពន្ធគយ និងរបាំងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងបើកទូលាយ ឱកាសថ្មីៗ
ជាច្រើន សម្រាប់ធុរកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យ ដែលមានសក្តានុពលខ្ពស់ ដូចជា ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងឡូជីស្ទីក
ជាដើម។ កិច្ចព្រមព្រៀងនេះ នឹងជំរុញលំហូរវិនិយោគពីអេមីរ៉ាតអារ៉ាប់រួម មកកាន់កម្ពុជា បង្កើតការងារថ្មីៗ ជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញ ព្រមទាំងជំរុញឱ្យឧស្សាហកម្មកម្ពុជា កាន់តែមានភាពច្នៃប្រឌិត និងប្រកួតប្រជែង នៅលើឆាក`អន្តរជាតិ។
លោកបន្ថែមថា«កិច្ចការងារបន្ត ក្នុងនាមជាសភាពាណិជ្ជកម្មកម្ពុជា យើងរកវិធីបែបម៉េចឱ្យរបស់ របស់យើងអនុលោមភាពទៅ SPS ជាពិសេសទៅលើការកែច្នៃក្នុងវិស័យកសិកម្ម បើវិស័យឧស្សាហកម្ម ខ្ញុំដឹងថា គឺធ្វើបានរលូនហើយ បារម្ភតែលើការកែច្នៃផលិតផលកសិកម្ម។ [...]ខ្ញុំគិតថាសភាពាណិជ្ជកម្មកម្ពុជាក៏ជាតួអង្គមួយដែរ ខ្ញុំនឹងជម្រាបជូនអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីតំណាងឱ្យវិស័យឯកជន អង្គុយនិយាយជាមួយវិស័យឯកជនដូចគ្នាហើយសហការជាមួយក្រសួង ថាតើនិតិវិធីនៃការកែច្នៃ និងជំរុញការនាំចេញអ្វីមួយ ធ្វើបែបម៉េចដើម្បីឱ្យវាមានភាពងាយស្រួល។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅអេមីរ៉ាតអារ៉ាប់រួម រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាតអារ៉ាប់រួមរួមមាន ប្រេងនិងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម -ល-៕