(ព្រៃវែង)៖ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ការប្រមូលផលស្រូវសរុប បានចំនួន២០២,៤៧៦ហិកតា ស្មើនឹង៦៦.២២% នៃផ្ទៃដីអនុវត្តសរុប៣០៧,៦២៤ហិកតា បរិមាណផលសរុប បានចំនួន៨០១,៤៦៤តោន ដោយក្នុងមួយហិតា ទទួលផលបានជាង៤តោន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង។
លោកបានបន្តថា ស្រូវរដូវវស្សាឆ្នាំនេះ បានអនុវត្តបានលើផ្ទៃដីព្រោះ សរុប៣០៧,៦២៤ហិកតា (ស្ទូងគ្មាន) ស្មើនឹង១២៣.០៥% នៃផែនការ២៥០,០០០ហិកតា ធៀបនឹងឆ្នាំមុនខ្ពស់ ជា២២,៥៨០ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។
លោកប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង បានឲ្យដឹងទៀតថា ផលិតកម្មដំណាំស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ (គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤) អនុវត្តបានលើផ្ទៃដីព្រោះ សរុប៣៣,៤៥១ហិកតា (ស្ទូងគ្មាន) ស្មើនឹង៤៦.៦០% នៃផែនការ៧៥,០០០ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង២២, ៣១៣ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។
លោកបានបញ្ជាក់ថា ចំពោះបរិមាណស្រូវនាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សរុបមានចំនួន២,៥៩៤,៧៦៣តោន (រួមទាំងស្រូវឆ្លងកាត់)។
តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ១,០៦០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១,០៣០រៀល ក្នុង១គីឡូក្រាម ស្រូវក្រអូប តម្លៃ១,២៨០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប៧៤២,៥២៩,៦៩៦ដុល្លារ។
ចំណែកឯការចរាចរនាំចេញ ទៅលក់នៅប្រទេសវៀតណាមនេះដែរ មានច្រកទ្វារ២សំខាន់ គឺច្រកទ្វារអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ និងច្រកទ្វារអន្តរជាតិ បន្ទាយចក្រី ស្ថិតនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង៕