(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំចរចាពង្រីកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ ប៉ុន្តែផលិតដែលបាននាំចេញមានតែប៉ុន្មានប្រភេទប៉ុណ្ណោះ ដូច្នេះហើយលោកស្រីជំរុញឱ្យវិស័យឯកជន រិះរកវិធីក្នុងការផលិតកែច្នៃទំនិញនាំចេញឱ្យបានច្រើនមុខ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា អ្វីដែលជាបញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច គឺភាពចង្អៀតនៃផលិតផលនាំចេញ ដោយការនាំចេញផ្អែកទៅលើផលិតផលចម្បងតែមួយចំនួនតូចប៉ុណ្ណោះ។ ដើម្បីចាកចេញពីភាពចង្អៀតនៃផលិតផលនាំចេញនេះ ត្រូវតែមានការខិតខំប្រឹងប្រែងបង្កើនផលិត កែច្នៃ ដើម្បីនាពេលខាងមុខ កម្ពុជាអាចនាំចេញផលិតច្រើនមុខបាន ទៅកាន់ទីផ្សារច្រើនប្រទេស។
លោកស្រីបានបញ្ជាក់បន្ថែមថា «ការដែលយើងធ្វើពិពិធកម្មទីផ្សារ បានន័យថាទីផ្សារកាន់តែច្រើន ត្រូវតែបូកផ្សំជាមួយផលិតផលរបស់យើង ក៏កាន់តែច្រើនផងដែរ ពីព្រោះយើងក៏មិនអាចមានទីផ្សារ ហើយយើងមិនមានផលិតផលទៅលក់នោះទេ បានន័យថា មិនអាចទាញយកផលប្រយោជន៍បានពេញលេញ ដោយប្រសិទ្ធភាពនោះទេ»។
លោកស្រីមានប្រសាសន៍ថា ជាក់ស្តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កម្ពុជាអាចនាំទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗជាច្រើនប្រភេទរហូត៩៧.៧៦% ដែលមានដូចជា កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ(Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឱ្យកម្ពុជា អាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗប្រមាណ ១២០ប្រភេទ ដែលវិនិយោគិនកម្ពុជា មានឱកាសទៅធ្វើអាជីវកម្មបម្រើសេវាកម្មនៅទីនោះ ដូចជា សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។
លោកស្រីលើកឡើងថា អេមីរ៉ាតអារ៉ាប់រួម គឺជាទីផ្សារមួយដ៏សំខាន់ ដែលការនាំចេញទៅកាន់ទីផ្សារនេះ មិនមែនសម្រាប់តែអារ៉ាប់នោះទេ ប៉ុន្តែក៏អាចនាំចេញទៅកាន់ទីផ្សារអាហ្រ្វិកផងដែរ។ នាពេលខាងមុខ លោកស្រី ចង់ឃើញការនាំចេញទំនិញច្រើនមុខទៅកាន់ទីផ្សារនេះ ប៉ុន្តែយ៉ាងណាមិញត្រូវតែគោរពទៅតាមវិធានស្តង់ដារអនាម័យ និងមានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ជាពិសេសនាំចេញទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវតែឆ្លើយតាមស្តង់ដារហាឡាល់ ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីទីផ្សារនេះបាន។
សូមជម្រាបផងដែរថា បន្ទាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានចូលជាធរមានកាលពីដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅអេមីរ៉ាតអារ៉ាប់រួម រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ ក្នុងតម្លៃជាង៥៥លានដុល្លារ។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមើលឃើញថា មានទំនិញជាច្រើនទៀតដែលកម្ពុជា អាចផលិតនាំចេញទៅអេមីរ៉ាតអារ៉ាប់រួម ដែលប្រទេសនេះ កំពុងមានតម្រូវការខ្ពស់ ដូចជា អាកាវ៉ូត ផ្លែមៀន និងដំណាំកសិកម្ម ជាច្រើនទៀតដែលដាំក្នុងតំបន់ត្រូពិក៕