(ញូវដែលី)៖ ប្រទេសអ៊ុយក្រែនបានរំឭករដ្ឋាភិបាលក្រុងញូវដែលីថា ក្រុមហ៊ុនរុស្ស៊ីកំពុងបង្កើតអាជីវកម្មនៅក្នុងប្រទេសឥណ្ឌាដើម្បីគេចវេសពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ឥណ្ឌាជាមួយដៃគូលោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Oleksandr Polishchuk ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសឥណ្ឌាខណៈថ្លែងនៅក្នុងបទសម្ភាសមួយនៅទីក្រុងញូវដែលីនៅសប្តាហ៍នេះថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទសអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក យ៉ាងហោចណាស់មានក្រុមហ៊ុនរុស្ស៊ីចំនួនប្រាំបីបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា ហើយ «ចំនួនក្រុមហ៊ុនកំពុងកើនឡើង»។ លោកបានថ្លែងថា អ៊ុយក្រែនបានចែករំលែកព័ត៌មានសម្ងាត់ជាមួយរដ្ឋាភិបាលឥណ្ឌា និងបានជំរុញឱ្យប្រទេសនេះចាត់វិធានការ។

ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់មធ្យោបាយនានាតាមដែលអាចធ្វើទៅបានដើម្បី «លាក់បាំង» អត្ថប្រយោជន៍អាជីវកម្មដែលកំពុងរីកចម្រើននៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនឥណ្ឌាដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទាំងនេះអាចប្រឈមការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដែលអាចប៉ះពាល់ដល់បរិយាកាសធុរកិច្ចក្នុងស្រុក និងភាពជឿជាក់របស់ឥណ្ឌាក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន។

លោក Polishchuk បានថ្លែងថា ក្រុមហ៊ុនលោកខាងលិចនឹងចង់មាន «ការជឿទុកចិត្ត ១០០ភាគរយថា បច្ចេកវិទ្យាទាំងអស់នេះនឹងមិនធ្លាក់ទៅក្នុងដៃរបស់ប្រទេសរុស្ស៊ីនៅពេលក្រោយ»។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីខែមុនបានដាក់ទណ្ឌកម្មក្រុមហ៊ុនឥណ្ឌាចំនួន១៩ រួមជាមួយនឹងក្រុមហ៊ុនផ្សេងទៀតមកពីប្រទេសចិន និងតួកគីដោយសារការលក់ទំនិញទៅឱ្យប្រទេសរុស្ស៊ី ដែលទង្វើនេះបានជួយរក្សាម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីឱ្យដំណើរការ។ ក្នុងចំណោមក្រុមហ៊ុនឥណ្ឌាទាំងនោះរួមមានក្រុមហ៊ុន Shreya Life Sciences ដែលជាក្រុមហ៊ុនឱសថមានមូលដ្ឋាននៅទីក្រុងបុមបៃ ដែល Bloomberg បានរាយការណ៍ថានាំចេញបន្ទះឈីប Nvidia ទំនើបទៅកាន់ប្រទេសរុស្ស៊ី។

លោក Polishchuk បានមានប្រសាសន៍ថា៖ «យើងឱ្យតម្លៃយ៉ាងខ្លាំងដល់ទំនាក់ទំនងនយោបាយរបស់យើងជាមួយឥណ្ឌា»។ លោកបានបន្ថែមថា៖ «ហើយយើងចង់បន្តរក្សារទុកចិត្តជាមួយឥណ្ឌា»៕