(ក្រុងស៊ីប៊ូ ប្រទេសហ្វីលីពីន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ពន្ធគយសងសឹកអាចធ្វើឱ្យប៉ះពាល់ដល់ចក្ខុវិស័យសេដ្ឋកិច្ចរបស់ទ្វីបអាស៊ី បង្កើនថ្លៃដើម និងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ទោះបីជាមូលនិធិនេះរំពឹងថា អាស៊ីនៅតែជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោកក៏ដោយ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Krishna Srinivasan នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់មូលនិធិ IMF ខណៈថ្លែងនៅក្នុងវេទិកាស្តីពីហានិភ័យជាប្រព័ន្ធនៅទីក្រុងស៊ីប៊ូ ប្រទេសហ្វីលីពីនថា៖ «ពន្ធសងសឹកគំរាមកំហែងបង្កឱ្យមានការរំខានដល់ចក្ខុវិស័យកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់ ដែលនាំឱ្យខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចំណាយពេលកាន់តែយូរ និងមានប្រសិទ្ធភាពកាន់តែតិច»។
ការកត់សម្គាល់របស់លោក Srinivasan បានធ្វើឡើងក្នុងគ្រាដែលមានការព្រួយបារម្ភអំពីផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដកហូតពន្ធគយ ៦០ភាគរយលើទំនិញរបស់ចិន និងពន្ធគយយ៉ាងតិច ១០ភាគរយលើទំនិញនាំចូលទាំងអស់ពីប្រទេសផ្សេងទៀត។
ពន្ធគយអាចរារាំងពាណិជ្ជកម្មសកល រារាំងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនាំចេញ និងអាចធ្វើឱ្យអតិផរណាកើនឡើងនៅសហរដ្ឋអាមេរិក ដែលបង្ខំឱ្យធនាគារកណ្តាលអាមេរិករឹតបន្តឹងគោលនយោបាយរូបិយវត្ថុ បើទោះបីជាមានចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោកមិនសូវល្អក៏ដោយ។
កាលពីខែតុលា សហភាពអឺរ៉ុបក៏បានសម្រេចចិត្តដំឡើងពន្ធគយលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនផងដែរដល់ ៤៥,៣ភាគរយ ដែលជំរុញឱ្យមានការសងសឹកវិញពីសំណាក់រដ្ឋាភិបាក្រុងប៉េកាំង។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់មូលនិធិ IMF បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយសម្រាប់ទាំងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលទាបជាងការព្យាករសម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ីដែលមានអត្រា ៤,៦ភាគរយសម្រាប់ឆ្នាំនេះ និង ៤,៤ភាគរយសម្រាប់ឆ្នាំក្រោយ។
លោក Srinivasan បាននិយាយថា តំបន់អាស៊ីកំពុង «មើលឃើញរយៈពេលអន្តរកាលដ៏សំខាន់មួយ» ដែលបង្កើតឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង រួមទាំង «ហានិភ័យធ្ងន់ធ្ងរ» នៃការកើនឡើងភាពតានតឹងពាណិជ្ជកម្មនៅទូទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។
លោកបានបន្ថែមថា ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយរូបិយវត្ថុក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងការរំពឹងទុករបស់ទីផ្សារដែលពាក់ព័ន្ធ អាចប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកគោលនយោបាយរូបិយវត្ថុនៅតំបន់អាស៊ី ជះឥទ្ធិពលលើលំហូរមូលធនសកល អត្រាប្តូរប្រាក់ និងទីផ្សារហិរញ្ញវត្ថុផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕