(បាងកក)៖ ផ្សារហ៊ុនរបស់ប្រទេសថៃគ្រោងនឹងប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ដើម្បីធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យក្រុមហ៊ុនចុះបញ្ជី ខណៈដែលទីផ្សារនេះកំពុងប្រឈមនឹងការកើនឡើងការបោកបន្លំសាជីវកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Asadej Kongsiri ប្រធានផ្សារហ៊ុនថៃខណៈថ្លែងថា ការអនុម័តឱ្យប្រើប្រាស់បច្ចេកវិទ្យា AI នឹងជួយឱ្យផ្សារហ៊ុនរកឃើញយ៉ាងឆាប់រហ័សនូវការកើតមានចលនាតម្លៃភាគហ៊ុននិងការជួញដូរមិនប្រក្រតី និងជូនដំណឹងទៅកាន់វិនិយោគិន។ លោក Asadej បានបន្តថា ការផ្តល់សារព្រមានយឺតយ៉ាវ និងការពន្យារពេលចាត់វិធានការគឺជាហេតុផលមួយស្ថិតក្នុងចំណោមហេតុផលនានា ដែលបង្កឱ្យមានការធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិននៅក្នុងទីផ្សារហ៊ុនថៃ។

លោក Asadej បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «មានព័ត៌មានប្រចាំថ្ងៃរហូតទៅដល់ ៣០០ និងរបាយការណ៍អំពីកំហុសដែលអាចកើតមានរបស់ក្រុមហ៊ុនចុះបញ្ជីដែលយើងត្រូវត្រួតពិនិត្យ»។ លោកបានបន្ថែមថា៖ «បច្ចេកវិទ្យា AI ពិតជានឹងសម្រាលបន្ទុកការងាររបស់បុគ្គលិកផ្នែកត្រួតពិនិត្យ និងផ្តល់សារព្រមានលឿនជាងមុន»។

អាជ្ញាធរថៃកំពុងបង្កើនវិធានការកែលម្អការត្រួតពិនិត្យទីផ្សារមូលធនរបស់ប្រទេសថៃ បន្ទាប់ពីមានការស៊ើបអង្កេតដ៏ល្បីមួយចំនួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីការបោកបន្លំនៅក្រុមហ៊ុននានា រួមមានក្រុមហ៊ុន Energy Absolute Pcl និងក្រុមហ៊ុន Stark Corp។ សន្ទស្សន៍ហ៊ុនគោលរបស់ផ្សារហ៊ុនថៃនៅតែយឺតជាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីរឿងអាស្រូវសាជីវកម្ម ការព្រួយបារម្ភអំពី short selling ខុសច្បាប់ និងភាពភាចលាចលនយោបាយបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននាពេលកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕