(ហ្សឺណែវ)៖ ប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានយល់ព្រមតែងតាំងអ្នកស្រី Ngozi Okonjo-Iweala ជាអគ្គនាយកជាថ្មីសម្រាប់អាណត្តិទីពីរ ដែលនឹងអនុញ្ញាតឱ្យអ្នកស្រីធ្វើការងារ ៤ឆ្នាំទៀត ដែលត្រូវបានរំពឹងថានឹងញ៉ាំញីដោយជម្លោះពន្ធគយដឹកនាំដោយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់អង្គការ WTO ដែលបានចេញផ្សាយតាមអ៊ីមែលកាលពីថ្ងៃសុក្រថា អ្នកស្រី Ngozi Okonjo-Iweala ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសនីហ្សេរីយ៉ា និងជាស្ត្រីដំបូងគេដែលគ្រប់គ្រងស្ថាប័នពាណិជ្ជកម្មដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនេះ នឹងចាប់ផ្តើមធ្វើការងារសម្រាប់អាណត្តិថ្មីនៅថ្ងៃទី១ ខែកញ្ញាឆ្នាំក្រោយ។
លោក Petter Ølberg អ្នកការទូតជនជាតិន័រវេសនិងជាប្រធានក្រុមប្រឹក្សាទូទៅ ដែលគ្រប់គ្រងដំណើរការជ្រើសរើសប្រធានថ្មីនេះបាននិយាយថា ការតែងតាំងឡើងវិញឱ្យអ្នកស្រី Okonjo-Iweala ធ្វើជាប្រធាននេះត្រូវបានធ្វើឡើងដោយការព្រមព្រៀងនិងការគាទ្រពីសមាជិកគ្រប់ប្រទេស។ គ្មានបេក្ខជនផ្សេងទៀតឈរឈ្មោះប្រជែងជាមួយអ្នកស្រីទេ។
ក្នុងអំឡុងពេលឈរឈ្មោះអាណត្តិដំបូងរបស់អ្នកស្រីនៅក្នុងតួនាទីនៅអង្គការ WTO នេះ អ្នកស្រី Okonjo-Iweala ទទួលបានការសរសើរមួយចំនួនសម្រាប់ជ័យជម្នះតូចៗដូចជាការពន្យារពេលជាទម្លាប់ក្នុងការហាមឃាត់ការដកហូតពន្ធលើពាណិជ្ជកម្មអេឡិចត្រូនិក កិច្ចខិតខំប្រឹងប្រែងពង្រីកការចែកចាយវ៉ាក់សាំងអំឡុងពេលកើតមានជំងឺរាតត្បាត និងការគាំទ្រដល់ពាណិជ្ជកម្មសេរីក្នុងអំឡុងពេលដំឡើងពន្ធគយ ការគ្រប់គ្រងការនាំចេញ និងឧបសគ្គផ្សេងៗទៀតចំពោះពាណិជ្ជកម្មអន្តរជាតិ។
ប៉ុន្តែកិច្ចព្រមព្រៀងធំជាងនេះ ដូចជាការបង្រ្កាបជាសកលលើការឧបត្ថម្ភធនសម្រាប់នាវានេសាទដែលកំពុងធ្វើឱ្យបាត់បង់ស្តុកជីវិតសត្វក្នុងសមុទ្រ និងកិច្ចព្រមព្រៀងសម្របសម្រួលការវិនិយោគបានដំណើរការយឺតៗ៕