(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក មានសុទិដ្ឋិនិយម ចំពោះអនាគតថា នឹងមានកំណើនចំនួនអ្នកដំណើរទាំងក្នុង និងក្រៅស្រុក។ នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា លោក Mohammed Al Qassim ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន ៨០។
លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។
ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃតាមរយៈសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រលប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានកត់សម្គាល់ និងស្វាគមន៍ដោយមានពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃ របស់ក្រុមហ៊ុនអាកាសចរណ៍នេះ មកទីក្រុងភ្នំពេញ ក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជា បានពិភាក្សាអំពីទស្សនវិស័យអាកាសចរណ៍ សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ភាពសុទិដ្ឋិនិយមលើចំនួនភ្ញៀវទេសចរ ការពង្រឹងសេវាកម្មរបស់ក្រុមហ៊ុន Emirates គំនិតផ្តួចផ្តើមស្តីពីនិរន្តភាព និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) នៅក្នុងកិច្ចជុំតុមូលជាមួយសារព័ត៌មាននៅសណ្ឋាគារ Hyatt Regency នៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែវិច្ឆិកា។
បើតាមលោក Al Qassim រយៈពេល៦ខែកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ បានដឹកជញ្ជូនអ្នកដំណើរចំនួន ១៩ ០០០នាក់ និងទំនិញ ៣លានគីឡូក្រាម។
លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emirates បានមានប្រសាសន៍ថា «ចាប់តាំងពីយើងដំណើការជើងហោះហើររបស់យើងឡើងវិញ ក្នុងខែឧសភាឆ្នាំនេះ យើងបានកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញ កំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើង សម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់យើង ជាមួយនឹងកំណើនជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរី»។
លោកបានមានប្រសាសន៍បន្ថែមថា «យើងសង្កេតឃើញថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកំពុងបន្ថែមប្រទេសកម្ពុជា ទៅក្នុងបណ្តាញហោះហើររបស់ពួកគេ ដែលសកម្មភាពនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងប្រទេសស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds»។
លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម (CEPA) ដោយលោកបានមានប្រសាសន៍ថា ក្រុមហ៊ុន Emirates ជាក្រុមហ៊ុនសមស្របមួយ ដែលជាតម្រូវការដល់អាជីវកម្មអេមីរ៉ាតអារ៉ាប់រួម ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។
កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ បានជួយជម្រុញពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមដោយមាន ការកាត់បន្ថយពន្ធនាំចូល កាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្ម និងជម្រុញពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគ។ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម (CEPA) ត្រូវបានគេរំពឹងថានឹងបង្កើនពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុងផ្តល់តម្លៃសំបុត្រយន្តហោះដ៏ទាក់ទាញទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងប្រទេសជាច្រើនទៀត។ អ្នកដំណើរកម្ពុជាឥឡូវនេះ អាចចំណាយពេលកាន់តែតិចដោយធ្វើដំណើរ តាមបណ្តាញជើងហោះហើរដ៏ធំរបស់ Emirates តាមរយៈប្រទេសសិង្ហបុរី ដើម្បីធ្វើដំណើរទៅកាន់តំបន់ពេញនិយម នៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។
ក្រុមហ៊ុន Emirates ក៏កំពុងពង្រឹងវត្តមានក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ពីការរិយាល័យកណ្តាលនៅអគារ The Peak នៅកណ្តាលទីក្រុងភ្នំពេញផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដំណើរពីប្រទេសកម្ពុជា។ ហាងទំនិញរបស់ក្រុមហ៊ុន Emirates ថ្មីរំពឹងថានឹងបើកដំណើការនៅឆ្នាំ ២០២៥។
បន្ថែមពីនេះ ក្រុមហ៊ុន Emirates កំពុងប្រើប្រាស់វេទិកា (Platform) របស់ខ្លួនដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍។ គេហទំព័រ www.emirates.com របស់ក្រុមហ៊ុនអាកាសចរណ៍ កំពុងលើកទឹកចិត្តអ្នកធ្វើដំណើរអន្តរជាតិ ឱ្យស្វែងយល់ពីភាពទាក់ទាញជាច្រើនរបស់ប្រទេសកម្ពុជា រួមទាំងប្រវត្តិសាស្រ្តសិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទេសភាព និងឆ្នេរសមុទ្រដ៏គួរឱ្យទាក់ទាញរបស់កម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Emirates ដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនជាមួយនឹងការកំណត់រចនាសម្ព័ន្ធ ៣ ថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវបន្ទប់ឯកជនចំនួន ៨ នៅកៅអីប្រភេទ First Class, ៤២ កៅអីនៅ Business Class ដែលអាចផ្ដេកគេងបាន និង ៣០៤ កៅអីសម្រាប់ Economy Class៕