(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានព្រមានក្រុមប្រទេស BRICS ថា លោកនឹងទាមទារការប្តេជ្ញាចិត្តថា ក្រុមប្រទេសនេះនឹងមិនធ្វើកិច្ចការឆ្ពោះទៅរកការបង្កើតរូបិយប័ណ្ណថ្មី ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកទេ ហើយប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិករូបនេះ បានគំរាមម្តងហើយម្តងទៀតថា នឹងដកហូតពន្ធគយ ១០០%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ត្រាំ ដែលបានបង្ហោះនៅលើសំណេរក្នុងបណ្តាញសង្គម Truth Social របស់គាត់កាលពីថ្ងៃសៅរ៍ថា៖ «គំនិតដែលថា ក្រុមប្រទេស BRICS កំពុងព្យាយាមងាកឆ្ងាយចេញពីប្រាក់ដុល្លារ ខណៈពេលដែលយើងឈរមើលនោះ គឺចប់ហើយ»។
លោកបានបន្ថែមថា៖ «យើងទាមទារឱ្យមានការប្តេជ្ញាចិត្តពីប្រទេសទាំងនេះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬមិនគាំទ្ររូបិយប័ណ្ណផ្សេងទៀតឱ្យជំនួសប្រាក់ដុល្លារអាមេរិក បើមិនដូច្នេះទេពួកគេនឹងប្រឈមនឹងពន្ធគយ ១០០% ហើយគួរតែរំពឹងថានឹងមិនអាចលក់ទំនិញមកកាន់សហរដ្ឋអាមេរិកដ៏អស្ចារ្យបានទេ»។
លោក ត្រាំ បានសង្កត់ធ្ងន់ជាយូរមកហើយថា គាត់ចង់ឱ្យប្រាក់ដុល្លារអាមេរិក នៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកដោយលោកបាននិយាយ នៅក្នុងបទសម្ភាសកាលពីខែមីនាជាមួយទូរទស្សន៍ CNBC ថា គាត់ «នឹងមិនអនុញ្ញាតឱ្យប្រទេសនានាចាកចេញពីដុល្លារទេ» ព្រោះវានឹងបង្កឱ្យមាន «ផលប៉ះពាល់ដល់ប្រទេសរបស់យើង»។
ក្រុមប្រទេស BRICS បានពិភាក្សាគ្នាអំពីបញ្ហាបដិដុល្លាររូបនីយកម្មនៅក្នុងកិច្ចប្រជុំកំពូលមួយនៅឆ្នាំ២០២៣។ ប្រតិកម្មប្រឆាំងនឹងការគ្របដណ្តប់របស់ប្រាក់ដុល្លារ លើពាណិជ្ជកម្មពិភពលោកបានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ២០២២ នៅពេលដែលសហរដ្ឋអាមេរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរុស្ស៊ី។
បើទោះជារូបិយប័ណ្ណដែលជាគូប្រជែងប្រាក់ដុល្លារ ដ៏មានសក្តានុពលមួយចំនួនដូចជាប្រាក់យន់របស់ចិន បានចាប់ផ្តើមគ្របដណ្តប់ទីផ្សារពិភពលោករួចហើយក៏ដោយ ក៏ជាញឹកញាប់ការកើនឡើងរបស់រូបិយប័ណ្ណទាំងនោះ ប៉ះពាល់ទៅលើរូបិយប័ណ្ណផ្សេងទៀតជាជាងប្រាក់ដុល្លារ។ ថ្វីបើក្រុមប្រទេស BRICS បានលើកឡើងបែបនេះក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រប្រាក់ដុល្លារដូចជាប្រព័ន្ធទូទាត់ឆ្លងប្រទេស ទំនងជានឹងផ្តល់ឱ្យរូបិយប័ណ្ណអាមេរិក នូវឥទ្ធិពលសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត រយៈពេលរាប់ទសវត្សរ៍ទៅមុខទៀត។
លោក ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ «គ្មានឱកាសទេដែលក្រុមប្រទេស BRICS នឹងជំនួសប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិ ហើយប្រទេសណាដែលព្យាយាមធ្វើបែបនេះគួរតែនិយាយថាលាទៅគាន់សហរដ្ឋអាមេរិកទៅ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕