(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែមករាឆ្នាំក្រោយ ដោយមានគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញវិនិយោគិនអឺរ៉ុប កាន់តែច្រើនមកកាន់ប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋមន្ត្រី Pichai Naripthaphan បានប្រកាសពីការចរចាដោយជោគជ័យ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលរួមមានប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលិចតិនស្តាញ។
លោកបាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ភែថងថាន ស៊ីណាវ៉ាត (Paetongtarn Shinawatra) ដើម្បីស្វែងរក FTAs ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។
លោក Pichai បានថ្លែងថា ការចរចាកិច្ចព្រមព្រៀងនេះ ដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២២ ត្រូវបានបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ ដែលឆ្លើយតបតាមពេលវេលាកំណត់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះគ្របដណ្តប់លើវិស័យចំនួន១៥ ដូចជាពាណិជ្ជកម្មទំនិញ ប្រភពដើមទំនិញ ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និរន្តរភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ពាណិជ្ជកម្មរវាងប្រទេសថៃ និងសមាគម EFTA ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះមានជាង ១០ពាន់លានដុល្លារ ដែលស្មើនឹង ២,០៣% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ និងកើនឡើង ២៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕