(ភ្នំពេញ)៖ លោក សន សៀប ត្រូវបានសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បោះឆ្នោតគាំទ្រឱ្យជាប់ជាប្រធានសមាគមមួយអាណត្តិទៀត ដើម្បីបន្តបេសកម្មដឹកនាំ គ្រប់គ្រង ជំរុញលើកកម្ពស់វិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅក្នុងជំហ៊ានបន្ត។

កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំកម្មវិធីមហាសន្និបាតលើកទី១៤ បោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល-ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី០៩ ព្រមទាំងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ដែលអញ្ជើញចូលរួមពី លោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ​និងមានការចូលរួមពីថ្នាក់ដឹកនាំសមាគម ព្រមទាំងសមាជិក សមាជិការបស់សមាគម ។

ក្នុងឱកាសក្លាយប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាជាថ្មីម្តងទៀតនេះ លោក សន សៀបបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ, ការការពារពង្រឹងគោរពច្បាប់និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ​៕