(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ុប៊ីយ៉ាន់តូ (Prabowo Subianto) បានប្រកាសពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជាមធ្យមចំនួន ៦,៥% សម្រាប់ឆ្នាំក្រោយ ខណៈដែលការប្រើប្រាស់បានធ្លាក់ចុះនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី Prabowo ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រថា៖ «រដ្ឋមន្ត្រីក្រសួងការងារ បានស្នើឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមា ៦%។ ទោះយ៉ាងណា បន្ទាប់ពីមានការពិភាក្សាគ្នា និងរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំសហជីព យើងបានសម្រេចចិត្តបង្កើនប្រាក់ឈ្នួលអប្បបរមាជាមធ្យមនេះ»។

ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យមួយនឹងត្រូវបានកំណត់ដោយក្រុមប្រឹក្សាប្រាក់ឈ្នួល។ លោកប្រធានាធិបតីបាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏នឹងស្វែងរកឱកាសផ្សេងទៀតដើម្បីកែលម្អសុខុមាលភាពរបស់បុគ្គលិកកម្មករផងដែរ។

លោក Prabowo ដែលបានចូលកាន់តំណែងកាលពីខែមុនកំពុងស្ថិតនៅក្រោមសម្ពាធក្នុងការបង្កើនអំណាចទិញ ខណៈដែលការចំណាយលើប្រាក់កម្ចីខ្ពស់ធ្វើឱ្យប៉ះពាល់ដល់តម្រូវការអ្នកប្រើប្រាស់ និងកំណើនប្រាក់កម្ចីយឺត។ ការបិទរោងចក្រជាច្រើននាពេលថ្មីៗនេះក៏គំរាមកំហែងដល់ការកើនឡើងភាពអត់ការងារធ្វើដែលមានស្រាប់ផងដែលបានកើតមានបន្ទាប់ពីជំងឺរាតត្បាតផងដែរ។

ការដំឡើងប្រាក់ឈ្នួលមានកម្រិតច្រើនជាងឆ្នាំនេះដែលមានប្រហែល ៤% ទោះបីជាតិចជាងឆ្នាំ២០២៣ ដែលមាន ១០% ក៏ដោយ ក្នុងគ្រាដែលតម្លៃអាហារនិងប្រេងឥន្ធនៈហក់ឡើងខ្លាំង។ ចាប់តាំងពីពេលនោះមក អតិផរណាបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលបីឆ្នាំគឺ ១,៧១% នៅក្នុងខែតុលា។ ទោះជាយ៉ាងនេះក្តី កម្រិតដំឡើងនេះនៅតែទាបជាងការទាមទាររបស់កម្មករដែលទាមទារពី ៨% ទៅ ១០%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕