(រីយ៉ាង)៖ ការកាន់កាប់ប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិក របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាចំណែកមួយនៃទ្រព្យសកម្មបរទេស របស់ធនាគារកណ្តាលរបស់ប្រទេសនេះ បានកើនឡើងដល់ចំនួនច្រើនបំផុត ក្នុងរយៈពេល ៤ឆ្នាំក្នុងខែតុលា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

យោងតាមទិន្នន័យដែលចងក្រងដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញថា ប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិក ដែលជាចំណែកមួយនៃទ្រព្យសកម្មបរទេសសរុប ដែលកាន់កាប់ដោយធនាគារកណ្តាលអារ៉ាប៊ីសាអូឌីត ឬហៅថា SAMA បានកើនឡើងដល់ជិត ៣៥% កាលពីខែមុន។ ការកើនឡើងនេះបានធ្វើឱ្យប័ណ្ណបំណុលនេះ មានកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០ នៅពេលចាប់ផ្តើមកើតមានជំងឺរាតត្បាត។

ការវិនិយោគរបស់ប្រទេសអារ៉ាបីសាអ៊ូឌីត ទៅលើមូលបត្របំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងកើនឡើងនៅឆ្នាំនេះ ហើយឥឡូវនេះធនាគារកណ្តាល SAMA កាន់កាប់ប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិ គិតជាទឹកប្រាក់ចំនួន ១៤៤ពាន់លានដុល្លារ ទោះបីជាទ្រព្យសកម្មបរទេសសរុបរបស់ធនាគារកណ្តាលនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីខែកុម្ភៈមកក៏ដោយ។

ទោះបីជាការកើនឡើងការកាន់កាប់ប័ណ្ណបំណុលចុងក្រោយបំផុតនេះ បានកើតមានឡើងមុនការបោះឆ្នោតអាមេរិក ក្នុងខែវិច្ឆិកាក៏ដោយ ក៏ការកាន់កាប់ប័ណ្ណបំណុលរដ្ឋាភិបាលរបស់អារ៉ាប៊ីសាអូឌីត កាន់តែធំនេះអាចជួយពង្រឹងទំនាក់ទំនង របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីទ ជាមួយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ព្រះអង្គម្ចាស់ Mohammed Bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានរីករាយនឹងទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ពោល គឺជាអ្វីដែលត្រូវបានរំពឹងថា នឹងបន្តកើតមានទៀតនៅពេលដែលមហាសេដ្ឋីអាមេរិករូបនេះ វិលត្រលប់មកសេតវិមានវិញ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ការកាន់កាប់ប័ណ្ណបំណុលរតនាគារអាមេរិក ដោយធនាគារកណ្តាល SAMA បានកើនឡើងដល់ខ្លាំងដល់ជាង ៣៧% នៃទ្រព្យសកម្មបរទេសសរុបមុនពេលធ្លាក់ចុះ យ៉ាងឆាប់រហ័សវិញដោយសាររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រើប្រាស់ប្រាក់បម្រុងរបស់ខ្លួន ដើម្បីផ្តល់មូលនិធិចំនួន ៤០ពាន់លានដុល្លារទៅកាន់មូលនិធិទ្រព្យសម្បត្តិរដ្ឋ ដើម្បីទិញភាគហ៊ុនដែលរងការធ្លាក់ចុះថ្លៃក្រោយមានផលប៉ះពាល់ ដែលបង្កឡើងដោយសារជំងឺរាតត្បាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕