(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥ ដែលធ្លាក់ចុះពីចំនួនប្រមាណ ១០លានតោននៅឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
អ្នកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រសួងបានកំណត់គោលដៅនាំចេញទាបជាងឆ្នាំនេះ សម្រាប់ឆ្នាំក្រោយ ដោយសារតែប្រទេសឥណ្ឌាចាប់ផ្តើមនាំចេញអង្ករសឡើងវិញ។ ប្រទេសឥណ្ឌាមានសមត្ថភាពផលិតអង្ករបានច្រើន និងមានកម្រិតស្តុកខ្ពស់ បន្ទាប់ពីការហាមឃាត់ការនាំចេញបណ្តោះអាសន្នរបស់ខ្លួន។
លើសពីនេះ ផលិតកម្មស្រូវសកលត្រូវបានរំពឹងថា នឹងកើនឡើងដោយផ្អែកលើការថមថយ ស្ថានភាពគ្រោះរាំងស្ងួត និងលទ្ធភាពទទួលបានទឹកសម្រាប់ការដាំដុះ មានភាពប្រសើរឡើង ដែលអាចបង្កឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារអង្ករពិភពលោក។
អ្នកស្រី Arada បាននិយាយថា សម្រាប់រយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញអង្ករបានកើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៩,២៧លានតោន។ បរិមាណនេះត្រូវបានរំពឹងថានឹងឡើងដល់ ១០លានតោនដែលមានតម្លៃយ៉ាងហោចណាស់ ៦ពាន់លានដុល្លារ។
កំណើននាំចេញនេះត្រូវបានជំរុញដោយតម្រូវការ ប្រកបដោយនិរន្តរភាពពីប្រទេសនាំចូលនានា ដើម្បីបំពេញតម្រូវការប្រើប្រាស់នៅចុងឆ្នាំ សម្រាប់បុណ្យណូអែល ចូលឆ្នាំសកល និងបន្តរហូតដល់ចូលឆ្នាំចិន។ ផលិតកម្មអង្កររបស់ប្រទេសថៃ មានភាពគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទីផ្សារពិភពលោក ហើយសមត្ថភាពនាំចេញដ៏រឹងមាំរបស់ប្រទេសថៃ ធានាបាននូវការនាំចេញឥតដាច់ ទៅកាន់ប្រទេសនាំចូល។
អ្នកស្រីថ្លែងបន្តថា ឆ្នាំនេះត្រូវបានគេចាត់ទុកថា ជាឆ្នាំមាសសម្រាប់ការនាំចេញអង្ករ ដោយទំហំនាំចេញអាចកើនដល់ ១០លានតោន»។
បន្ថែមពីលើការកើនឡើងនៃបរិមាណនាំចេញ តម្លៃអង្ករនាំចេញជាមធ្យមសម្រាប់រយៈពេល ១០ខែដំបូងនៃឆ្នាំនេះបានកើនឡើងផងដែរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕