(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនបានរំឭកនៅថ្ងៃចន្ទសប្តាហ៍នេះថា «បដិសកលភាវូនីយកម្ម» កំពុងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតចំពោះសេដ្ឋកិច្ចពិភពលោក ខណៈដែលលោកថ្លែងសុន្ទរកថាស្វាគមន៍ប្រមុខស្ថាប័នហិរញ្ញវត្ថុពហុភាគីនានាដែលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានធ្វើការកត់សម្គាល់នេះនៅក្នុងសុន្ទរកថាបើករបស់លោកនៅក្នុងកិច្ចប្រជុំកំពូលដែលមានការចូលរួមដោយមេដឹកនាំកំពូលៗរបស់ស្ថាប័នធំៗ រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងធនាគារពិភពលោក (WB)។
លោក លី បានប្រាប់អ្នកចូលរួមនៅឯវិមានរដ្ឋ Diaoyutai ស្ថិតនៅរដ្ឋធានីប៉េកាំអថា៖ «នៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចពិភពលោកដែលចុះខ្សោយនាពេលបច្ចុប្បន្ន ភាពមិនច្បាស់លាស់ ... បានកើនឡើងបន្ថែមទៀតដែលបណ្តាលឱ្យមានការជ្រៀតជ្រែកយ៉ាងខ្លាំងដល់ប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក»។
លោកបានបន្ថែមថា «វិធានការពាណិជ្ជកម្មនិងវិនិយោគបែបរើសអើងថ្មីៗនៅទូទាំងពិភពលោកបានកើនឡើងជារៀងរាល់ឆ្នាំ» គិតចាប់តាំងពីឆ្នាំ២០២០មក។ លោក លី បាននិយាយថា៖ «វាអាចនិយាយបានថា និន្នាការបដិសកលភាវូនីយកម្មគឺកាន់តែអាក្រក់ទៅៗ»។
លោក លី បានរិះគន់ «ប្រទេសមួយចំនួន» ដែលបាន «ការដាក់ចេញវិធានការដកហូតពន្ធគយខ្ពស់ម្តហើយម្តងទៀត (និង) បង្កើតរបាំងការពារជាមួយនឹងការរឹតបន្តឹងកាន់តែច្រើនឡើងលើពាណិជ្ជកម្ម»។ ទោះយ៉ាងណា លោកមិនបាននិយាយដោយចំចំពោះសហរដ្ឋអាមេរិកឬលោក ដូណាល់ ត្រាំ នោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕