(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផលិតផលរបស់កម្ពុជាចំនួន ១០មុខ រួមមាន៖ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេកអំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និងដូង ជាទំនិញមានសក្តានុពល ដែលក្រសួងជំរុញការនាំចេញ។
លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម និងចាប់ដៃគូជាមួយវិស័យឯកជនធំៗ ដើម្បីធ្វើបទឧទ្ទេសនាមទីផ្សារ អំពីផលិតផលសក្ដានុពលកម្ពុជា ចំនួន១០មុខ ដែលបច្ចុប្បន្ននេះ កំពុងតែច្បាមយកនូវទីផ្សារសំខាន់ៗ នៅពិភពលោក ស្របទៅតាមទិសដៅ នៃការប្រើប្រាស់លទ្ធភាព នៃការផលិតស្បៀងចំណីអាហារ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្ដីពីការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ក្រោមមូលបទ នៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ដែលគ្រោងនឹងរៀបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានផលិតផល៖ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេកអំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និងដូង។ ទាំងអស់នេះ មានទំនិញខ្លះ ជាទំនិញ ម៉ាកសម្គាល់ភូមិសាស្ត្រ និងទំនិញខ្លះទៀត ជាទំនិញសក្ដានុពល ដែលកំពុងតែ មានភាពទាក់ទាញទៅលើទីផ្សារបច្ចុប្បន្ន»។
បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម មានបំណងចង់ជំរុញទំនិញ ទាំងទំនិញ ដែលជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ និងទំនិញដែលផលិតនៅកម្ពុជា «Made in Cambodia» ឲ្យមានភាពល្បីល្បាញ ទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។
លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា ផលិតផលទាំង១០មុខនេះ មានផលិតផលខ្លះ ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ និងផលិតផលខ្លះ ផលិតនៅក្នុងប្រទេសកម្ពុជា។
លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ទំនិញទាំងអស់នេះ រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម សុទ្ធតែបានរៀបចំ នូវយុទ្ធនាការជំរុញ ដើម្បីឲ្យមានការបង្កើន ទាំងបរិមាណផលិត និងការរៀបចំ ឲ្យមានធានានូវគុណភាពត្រឹមត្រូវ, រៀបចំឲ្យមានការជំរុញការកែច្នៃ ដើម្បីនាំចេញ នូវផលិតផលសម្រេច កុំឲ្យនាំចេញតែវត្ថុធាតុដើម។
លោកថា ទំនិញទាំងអស់នេះ សុទ្ធតែត្រូវបាន ទទួលការជំរុញលើកទឹកចិត្តពីក្រសួងពាណិជ្ជកម្ម តាមរយៈការបង្កើតគោលនយោបាយ, តាមរយៈការចងក្រងសមាគមន៍ និងតាមរយៈ ការជំរុញ នៃការអភិវឌ្ឍន៍ផលិតផល ដែលមានវេចខ្ចាប់ មានគុណភាព មានស្លាកសញ្ញាត្រឹមត្រូវ ដើម្បីទាក់ទាញអ្នក ប្រើប្រាស់ ក៏ដូចជាអតិថិជន ហើយបំពេញបានលក្ខខណ្ឌទីផ្សារ៕