(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ការនាំចេញទៅអាមេរិក និងអឺរ៉ុប កម្ពុជាយើងមិនរំពឹងតែប្រព័ន្ធអនុគ្រោះទៀតនោះទេ ព្រោះថា ក្រសួងពាណិជ្ជកម្ម បានជំរុញចរចារពាណិជ្ជកម្ម បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ទន្ទឹមនឹងនេះ យើងស្ថិតក្នុងប្រព័ន្ធកិច្ចព្រមព្រៀងសេរី RCEP ផងដែរ។

ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញ ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្ដីពីការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ក្រោមមូលបទនៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ដែលគ្រោងនឹងរៀបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ។

លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «ការធ្វើពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម និងកម្ពុជា ការជំរុញបែបទីផ្សារយើងមិនពឹងផ្អែកលើ ប្រព័ន្ធអនុគ្រោះទាំងស្រុងនោះទេ ថ្មីៗនេះក្រសួងពាណិជ្ជកម្ម បានជំរុញចរចាពាណិជ្ជកម្ម បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ទន្ទឹមនឹងនេះយើងស្ថិតក្នុងប្រព័ន្ធកិច្ចព្រមព្រៀងសេរី RCEP»

លោកបានបន្ដថា ទីផ្សារសហរដ្ឋអាមេរិក នៅតែជាទីផ្សារសំខាន់របស់យើង និងផ្ដល់តម្លៃខ្ពស់ ពីព្រោះរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការនាំចេញទៅកាន់ទីផ្សារអាមេរិក មានទំហំច្រើនជាង ៨ពាន់លានដុល្លារអាមេរិក ទំហំធំនេះអាស្រ័យលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលជាច្រើនផ្សេងទៀត។

លោកបានបញ្ជាក់ថា «ខ្ញុំសូមគូសបញ្ជាក់ថា យើងនាំចេញទៅកាន់ទីផ្សារអាមេរិក នាពេលបច្ចុប្បន្ននេះ មិនមែនមិនបង់ពន្ធនោះទេ គឺបង់ពន្ធក្រោមសមាជិកភាពនៃក្រោមអង្គការពាណិជ្ជកម្មពិភពលោក ដែលអនុវត្តអត្រាមួយ ដែលសហរដ្ឋអាមេរិក បានអនុវត្តន៍ជាមួយប្រទេស ជាសមាជិកភាព នៃក្រោមអង្គការពាណិជ្ជកម្មពិភពលោកដទៃទៀត»

លោកបានបញ្ជាក់បន្ថែមថា តំណាងពាណិជ្ជកម្មរបស់កម្ពុជា ស្ថិតក្នុងទីក្រុងវ៉ាស៉ីនតោន បានធ្វើការជាមួយប្រទេសជាច្រើន ពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតូចដូចកម្ពុជា ធ្វើការបញ្ចុះបញ្ជូល ដើម្បីឲ្យសភាអាមេរិកអនុម័តប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ ត្រឡប់មកវិញ។

លោក ប៉ែន សុវិជាតិ បានថ្លែងថា «ទោះបីជាសភាអាមេរិក មិនអនុម័តប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រឡប់មកវិញក៏ដោយ ជារួមកម្ពុជាមានទម្លាប់ ក្នុងការបង់ពន្ធទៅហើយ សូមជម្រាបថា ការដំឡើងពន្ធណាក៏ដោយ អ្នកដែលទទួលផលអាក្រក់ គឺអ្នកប្រើប្រាស់ សហរដ្ឋអាមេរិកមានពន្ធនាំចូល ពន្ធលើការប្រើប្រាស់ ហើយការដំឡើងពន្ធលើការប្រើប្រាស់ប្រចាំថ្ងៃ នឹងជះឥទ្ធិពលអាក្រក់ដល់អ្នកប្រើប្រាស់»

លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មានវិធានការត្រៀមបម្រុង យើងបានប្រើប្រាស់នៃជម្រើសរបស់យើង គឺការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូផ្សេងទៀត ជាមួយគោលការណ៍ពង្រឹងទីផ្សារចាស់ ពង្រឹងទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប និងពង្រីកទីផ្សារថ្មីៗ ក្រោមរូបភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕