(កូឡុំបូ)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាន Moody's កាលពីថ្ងៃចន្ទបានដំឡើងចំណាត់ថ្នាក់ ឥណទានរូបិយប័ណ្ណបរទេស រយៈពេលវែងរបស់ប្រទេសស្រីលង្កា ពី 'Ca' ទៅ 'Caa1' អមជាមួយនឹងចក្ខុវិស័យស្ថិរភាព បន្ទាប់ពីម្ចាស់បំណុលរបស់ប្រទេសនេះ បានអនុម័តការរៀបចំបំណុលឡើងវិញ ទំហំ ១២,៥៥ពាន់លានដុល្លារកាលពីសប្តាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់របាយការណ៍មួយ របស់ក្រុមហ៊ុន Moody's ថា ប្រវត្តិឥណទានរបស់ប្រទេសស្រីលង្កា ឆ្លុះបញ្ចាំងពីការថយចុះភាពងាយរងគ្រោះពីខាងក្រៅ និងហានិភ័យសាច់ប្រាក់ងាយស្រួល របស់រដ្ឋាភិបាល និងចក្ខុវិស័យនិរន្តរភាពសារពើពន្ធ និងបំណុល។
ក្រុមហ៊ុន Moody's បានឱ្យដឹងថា៖ «មូលដ្ឋានគ្រឹះឥណទានរបស់ប្រទេសស្រីលង្កា មានភាពប្រសើរឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ... ភាពងាយរងគ្រោះពីខាងក្រៅ និងហានិភ័យសាច់ប្រាក់ងាយស្រួល របស់រដ្ឋាភិបាលបានធ្លាក់ចុះ»។
ប្រទេសដីកោះនេះបានបរាជ័យសងបំណុលបរទេស ជាលើកដំបូងក្នុងខែឧសភា ឆ្នាំ២០២២ ដោយសារបន្ទុកបំណុលខ្ពស់របស់ខ្លួន និងការធ្លាក់ចុះទុនបម្រុងរូបិយប័ណ្ណបរទេស។
ម្ចាស់មូលបត្របំណុលបរទេសរបស់ស្រីលង្កា កាលពីសប្តាហ៍មុនបានអនុម័តសំណើរបស់រដ្ឋាភិបាលស្រីលង្កា ក្នុងការរៀបចំមូលបត្របំណុលអន្តរជាតិ របស់ខ្លួនឡើងវិញ ខណៈដែលប្រទេសដីកោះនេះស្ទុះងើបឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារវាយតម្លៃ ចំណាត់ថ្នាក់ឥណទាន Fitch ក៏បានដំឡើងចំណាត់ថ្នាក់បំណុលរបស់ស្រីលង្កាផងដែរពីកម្រិត 'restricted default' ទៅ 'CCC+'។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕