(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងតិចតួចនៅថ្ងៃអង្គារសប្តាហ៍នេះបន្ទាប់ពីធ្លាក់ថ្លៃក្នុងវគ្គជួញដូរមុនៗ ដែលជំរុញដោយចក្ខុវិស័យទីផ្សារវិជ្ជមានបន្តិចសម្រាប់រយៈពេលខ្លី និងដោយសារទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាន់តែរឹងមាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរក្នុងពេលអនាគតបានកើនឡើង ៣៣សេន ឬ ០,៥ភាគរយដល់ ៧២,៩៦ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាជួញដូរអនាគតបានឡើងថ្លៃ ២៩សេន ឬ ០,៥ភាគរយដល់ ៦៩,៥៣ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃអង្គារ។
ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន FGE ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេរំពឹងថា តម្លៃគោលរបស់ប្រេងឆៅនឹងប្រែប្រួលក្នុងកម្រិតតម្លៃបច្ចុប្បន្នក្នុងរយៈពេលខ្លី «ដោយសារតែសកម្មភាពនៅក្នុងទីផ្សារដេរីវេទីវប្រេងមានការថយចុះក្នុងរដូវវិស្សមកាល ហើយអ្នកនៅក្នុងទីផ្សាររក្សាភាពស្ងប់ស្ងាត់រហូតដល់ពួកគេទទួលបានទិដ្ឋភាពកាន់តែច្បាស់អំពីសមតុល្យប្រេងពិភពលោកនៅឆ្នាំ២០២៤ និង២០២៥»។
ក្រុមអ្នកវិភាគទាំងនេះបានឱ្យដឹងនៅក្នុងកំណត់ត្រាមួយថា ការប្រែប្រួលការផ្គត់ផ្គង់និងតម្រូវការនៅក្នុងខែធ្នូបានគាំទ្រដល់ចក្ខុវិស័យធ្លាក់ចុះនាពេលបច្ចុប្បន្នរបស់ពួកគេរហូតមកដល់ពេលនេះ»។
អ្នកវិភាគមួយចំនួនផ្សេងទៀតក៏បានចង្អុលបង្ហាញពីសញ្ញានៃចក្ខុវិស័យវិជ្ជមានសម្រាប់ប្រេងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ៕