(បាងកក)៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០២៤ បានកើនឡើងលើសពី ៣៥លាននាក់ ដែលបង្កើតប្រាក់ចំណូលបានជាង ១,៨ពាន់ពាន់លានបាត (៥២,៨១ពាន់លានដុល្លារ)។ នេះបើយោងតាមកាសែត VN Express។
កាសែត VN Express បានរាយការណ៍ថា សមិទ្ធិផលនេះបង្ហាញពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំរបស់ប្រទេសថៃ ដែលជាសញ្ញាល្អមួយសម្រាប់ប្រទេសអាស៊ីអាគ្នេហ៍មួយនេះដែលបានដាក់ចេញគំនិតផ្តួចភ្តើមឆ្នាំ២០២៥ ថាជា «ឆ្នាំដ៏ភ្ញាក់ផ្អើលសម្រាប់ទេសចរណ៍និងកីឡាថៃ (Amazing Thailand Grand Tourism and Sports Year)»។
ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆិតាទាំងនេះ ប្រទេសថៃកំពុងពង្រឹងឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍ពិភពលោកឈានមុខគេ ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងផ្តល់បទពិសោធពិសេសដល់អ្នកដំណើរនៅទូទាំងពិភពលោក។
លោក Thapanee Kiatphaibool ប្រធានសមាគម TAT បានឱ្យដឹងថា ភាពជោគជ័យនៃវិស័យទេសចរណ៍របស់ប្រទេសកើតមានឡើងដោយសារតែគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ភាពទាក់ទាញរបស់ប្រទេសថៃ។
ព្រឹត្តិការណ៍និងពិធីបុណ្យល្បីៗក៏បានទាក់ទាញទស្សនិកជនទូទាំងពិភពលោកផងដែរ ដែលពង្រីកទីផ្សារទេសចរណ៍របស់ប្រទេសថៃបន្ថែមទៀត។
ការតភ្ជាប់កាន់តែប្រសើរឡើងបានធ្វើឱ្យការធ្វើដំណើរចូលទៅកាន់ប្រទេសថៃកាន់តែប្រសើរឡើង ដែលបង្ហាញឱ្យឃើញតាមរយៈការកើនឡើងជើងហោះហើរពីតំបន់នានាដូចជាអាស៊ីភាគឦសាន ប្រទេសអាស៊ាន អាស៊ីខាងត្បូង អូសេអានី អឺរ៉ុប អាមេរិកខាងជើង និងមជ្ឈឹមបូព៌ាជាដើម។
ក្រឡេកទៅមើលទៅកាន់គំនិតផ្តួចផ្តើម Amazing Thailand Grand Tourism and Sports Year ឆ្នាំ២០២៥សមាគម TAT គ្រោងរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក បង្ហាញវប្បធម៌ល្អៗរបស់ថៃ និងផ្តល់អត្ថប្រយោជន៍កាន់តែល្អ។ តាមរយៈការសហការជាមួយអ្នកមានឥទ្ធិពលនៅលើសកលលោក និងការលើកកម្ពស់ភាពងាយស្រួលនៃការធ្វើដំណើរ ប្រទេសថៃមានគោលបំណងពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនថាជាគោលដៅទេសចរណ៍កំពូលដែលផ្តោតលើនិរន្តរភាព និងបទពិសោធដែលមិនអាចបំភ្លេចបាន។ នេះបើយោងតាមកាសែត VN Express៕