(ហាណូយ)៖ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង៦នាក់របស់វៀតណាមនៅក្នុងចំណាត់ថ្នាក់របស់ទស្សនាវដ្ដី Forbes បានកើនឡើងចំនួន ៨០០លានដុល្លារក្នុងឆ្នាំ២០២៤ ទោះបីជាមហាសេដ្ឋីបីនាក់បានធ្លាក់ចុះទ្រព្យសម្បត្តិរបស់ពួកគេក៏ដោយ។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ថា មហាសេដ្ឋីទាំង៦នាក់ដែលមានទ្រព្យសម្បត្តិសរុប ១៣,៤ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៣០ ខែធ្នូ រួមមានលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup, អ្នកស្រី Nguyen Thi Phuong Thao នាយកប្រតិបត្តិក្រុមហ៊ុន VietJet Air, លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែក Hoa Phat, លោក Ho Hung Anh ក្រុមហ៊ុន Techcombank លោក Tran Ba Duong ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco និងលោក Nguyen Dang Quang ប្រធានក្រុមហ៊ុនលក់រាយ Masan។

លោក Vuong ដែលជាអ្នកមានបំផុតរបស់ប្រទេសវៀតណាមបានមើលឃើញទ្រព្យសម្បត្តិសុទ្ធរបស់គាត់ធ្លាក់ចុះពី ៤,៣ពាន់លានដុល្លារកាលពីឆ្នាំមុនមកត្រឹម ៤,១ពាន់លានដុល្លារដែលជាចំនួនទាបបំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ។ គាត់កាន់កាប់ភាគហ៊ុនជាង ៦៩១លានហ៊ុនរបស់ក្រុមហ៊ុន Vingroup ដែលតម្លៃរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ៩% ក្នុងឆ្នាំ២០២៤។ គាត់ជាប់ចំណាត់ថ្នាក់ទី ៨៣២នៅទូទាំងពិភពលោក។

ទ្រព្យសម្បត្តិរបស់ Duong និងលោក Quang បានធ្លាក់ចុះ ២០០លានដុល្លារក្នុងម្នាក់ៗ មកត្រឹម ១,២ពាន់លានដុល្លារ និង ១ពាន់លានដុល្លាររៀងគ្នា។ ពួកគេជាប់ចំណាត់ថ្នាក់លេខ ២៤៣២ និង ២៦៩៧ នៅទូទាំងពិភពលោករៀងគ្នា។

ជាពិសេស លោក Quang បានជាប់និងធ្លាក់ចេញពីចំណាត់ថ្នាក់របស់ទស្សនាវដ្ដី Forbes ជាញឹកញាប់ចាប់តាំងពីឆ្នាំ២០១៩មកនៅពេលដែលគាត់ត្រូវបានបង្ហាញមុខជាលើកដំបូងក្នុងទស្សនាវដ្ដី ។ គាត់បានធ្លាក់ចេញពីបញ្ជីនេះកាលពីខែតុលាឆ្នាំមុន ហើយបានវិលត្រឡប់មកវិញនៅដើមឆ្នាំនេះ។

មហាសេដ្ឋីបីនាក់ទៀតបានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេនៅឆ្នាំនេះ ដោយអ្នកស្រី Thao មានកំណើនខ្ពស់បំផុតពី ៧០០លានដុល្លារដល់ ២,៩ពាន់លានដុល្លារ។ បច្ចុប្បន្ននេះអ្នកស្រី Thao ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី ១ ១៨៧ នៅលើពិភពលោក។

ភាគហ៊ុនរបស់ក្រុមហ៊ុន Hoa Phat និងក្រុមហ៊ុន Techombank ដំណើរការបានល្អក្នុងឆ្នាំ២០២៤ ដោយបានបង្កើនទ្រព្យសម្បត្តិរបស់លោក Long ចំនួន ៦០០លានដុល្លារ ដល់ ២,៤ពាន់លានដុល្លារ និងលោក Anh ចំនួន ៣០០លានដុល្លារ ដល់ ១,៨ពាន់លានដុល្លារ។ ចំណាត់ថ្នាក់មហាសេដ្ឋី សកលរបស់លោក Long គឺ ១ ៤០១ និងចំណែកឯចំណាក់ថ្នាក់របស់លោក Anh គឺ ១ ៨៣៤។ នេះបើយោងតាមកាសែត VN Express៕