(ភ្នំពេញ)៖ របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ​នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅរយៈពេលពេញមួយឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។

សម្រាប់ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក។

បើតាមតួលេខ ភ្ញៀវដែលទិញសំបុត្រទស្សនារយៈពេល១ថ្ងៃ តម្លៃ៣៧ដុល្លារមានចំនួនជាង ៦៣ម៉ឺននាក់ ស្មើនឹងជាង៦១ភាគរយ, ទស្សនា៣ថ្ងៃ តម្លៃ៦២ដុល្លារ មានជាង៣៧ម៉ឺននាក់ ស្មើនឹងជាង៣៦ភាគរយ និងទស្សនា ១សប្តាហ៍តម្លៃ ៧២ដុល្លារ មានជាង១.៦ម៉ឺននាក់ ស្មើនឹង ១.៦១ភាគរយ។

លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News នាពេលថ្មីៗនេះបានរំពឹងថា ឆ្នាំ២០២៥នេះ រមណីយដ្ឋានអង្គរ នឹងទទួលបានភ្ញៀវទេសចរមកលេងកំសាន្ដ មានការកើនឡើងចន្លោះពី២៥ភាគរយ ទៅ៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ឬស្មើនឹង ១.៣លាននាក់។

ដើម្បីជួយសម្រួល ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ គ្រឹះស្ថានអង្គរ បានដាក់ម៉ាស៊ីនទិញសំបុត្រ ចូលទស្សនាអង្គរដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល១ថ្ងៃ។ ភ្ញៀវទេសចរដែលចូលទស្សនាតំបន់អង្គរ សម្រាប់រយៈពេល១ថ្ងៃ លែងត្រូវការឈរតម្រង់ជួរទិញសំបុត្រ ដូចមុនទៀតហើយ។

ម៉ាស៊ីនទិញសំបុត្រទាំងអស់ មាន៣ទីតាំង បានដាក់ឲ្យអនុវត្តសាកល្បងរួចរាលហើយ គឺ១៖ នៅគ្រឹះស្ថានអង្គរ (ទីតាំងលក់សំបុត្របច្ចុប្បន្ន), ទី២៖ នៅប៉ាវីអង្គរ និងទី៣៖ នៅផ្សារទំនើប ហេរាថេកវ៉ក។

សម្រាប់សំបុត្រទស្សនាអង្គររយៈពេល ៣ថ្ងៃ និង៧ថ្ងៃ តម្រូវឱ្យភ្ញៀវទេសចរទិញសំបុត្រ នៅទីតាំងលក់សំបុត្រគ្រឹះស្ថានអង្គរ ដូចមុនដដែល៕