(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ការទិញភាគហ៊ុន អាចចំណេញច្រើន ឬក៏អាចមិនចំណេញសោះ និងអាចចំណេញតិចជាងការដាក់លុយសន្សំក្នុងធនាគារ ដើម្បីទទួលបានការប្រាក់ គឺអាស្រ័យលើការរីកចំរើនរបស់ក្រុមហ៊ុន ដែលយើងបានទិញហ៊ុននោះ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហុង សុហួរ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃការវិនិយោគ ភាគហ៊ុននៅកម្ពុជា, តើគួរវិនិយោគបែបណា ដើម្បីកុំឱ្យមានហានិភ័យ?» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហុង សុហួរ បានបញ្ជាក់ថា «ជាទូទៅអ្នកដែលទិញភាគហ៊ុន ពេលដែលក្រុមហ៊ុនខាត អត់ហៅមកដាក់លុយបន្ថែមនោះទេ គឺក្រុមហ៊ុន ត្រូវតែមានលុយគ្រប់គ្រាន់ទប់ការខាត ប៉ុន្ដែពេលដែលក្រុមហ៊ុនចំណេញ បានបែងចែកភាគលាភ ដល់ពេលយកលុយដាក់ធនាគារ គឺដឹងតែថេរ ប៉ុន្ដែសម្រាប់ភាគហ៊ុន អាចអត់បានសោះ អាចបានតិចតូច ឬអាចបានច្រើន»

បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា, ការទិញភាគហ៊ុនមានន័យថា យកលុយចូលហ៊ុន ជាមួយក្រុមហ៊ុនមួយ ដែលមានស្ដង់ដារ បានឆ្លងកាត់ ការត្រួតពិនិត្យជាច្រើនដំណាក់កាល មុននឹងអាចមកចុះបញ្ជី នៅក្នុងផ្សារហ៊ុន៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ហុង សុហួរ៖