(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រាប់អំពីសញ្ញាបោកប្រាស់ ក្នុងការវិនិយោគ ដែលប្រជាពលរដ្ឋ គួរតែមានប្រុងប្រយ័ត្ន និងលើកទឹកចិត្ដសូមកុំលោភលន់ ព្រោះការវិនិយោគ មិនប្រាកដថា ចំណេញរហូតនោះទេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហុង សុហួរ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃការវិនិយោគ ភាគហ៊ុននៅកម្ពុជា, តើគួរវិនិយោគបែបណា ដើម្បីកុំឱ្យមានហានិភ័យ?» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហុង សុហួរ បានបញ្ជាក់ថា «អ្នកណាក៏ចង់បានចំណេញ ប៉ុន្ដែកុំលោភលន់ពេក ពីព្រោះថា ការវិនិយោគគ្រប់ប្រភេទ គឺមិនប្រាកដថា ចំណេញរហូតនោះទេ មានពេលចំណេញ មានពេលខាត បើសិនជាចង់បានចំណេញរហូត អាចធ្លាក់ចូលក្នុងការបោកប្រាស់»

ទន្ទឹមគ្នានេះ លោក ហុង សុហួរ បានប្រាប់អំពីសញ្ញាបោកប្រាស់ ក្នុងការវិនិយោគ រួមមាន៖

ទី១៖ តើមានការធានាក្នុងការចំណេញទេ? បើសិនជាមាន ប្រហែលជាបោកប្រាស់។
ទី២៖ តើមានអាជ្ញាប័ណ្ណឬអត់ ហើយខ្លួនយើងផ្ទាល់ ត្រូវចេះពិនិត្យមើល ថាត្រឹមត្រូវឬអត់?
ទី៣៖ តើការដាក់លុយ និងដកលុយ មានភាពងាយស្រួលឬអត់? បើសិនជាដាក់លុយងាយស្រួល ប៉ុន្ដែដកលុយពិបាក គឺជាការបោកប្រាស់៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ហុង សុហួរ៖