(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា(CSX) បានលើកឡើងថា ក្រុមហ៊ុនដែលឈានចូលទីផ្សារហ៊ុន គឺប្រៀបបាននឹងទៅខ្ចីលុយពីសាធារណជន ដោយគ្មានទ្រព្យបញ្ចាំ ដោយគ្រាន់តែយកកេរ្តិ៍ឈ្មោះទៅបញ្ចាំប៉ុណ្ណោះ ខុសពីការខ្ចីធនាគារ ប៉ុន្តែយ៉ាងនេះក្តី ក្រុមហ៊ុននៅកម្ពុជាភាគតិចណាស់ ដែលចង់ចូលទីផ្សារហ៊ុន ខណៈមួយចំនួនទៀត មិនទាន់អាចបំពេញលក្ខខណ្ឌចូលទីផ្សារបាន ដើម្បីកៀរគរទុនពីសាធារណជនបាន ជាពិសេសក្រុមហ៊ុនតូចៗ។
លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «អនាគតនៃការវិនិយោគ ភាគហ៊ុននៅកម្ពុជា, តើគួរវិនិយោគបែបណា ដើម្បីកុំឱ្យមានហានិភ័យ?»។
លោកបានគូសបញ្ជាក់បន្ថែមថា ក្រុមហ៊ុនដែលមានដើមទុនទាប ពិតមែនតែមានការចាប់អារម្មណ៍ ប៉ុន្តែហាក់មិនទាន់រៀបចំខ្លួនបានល្អ ដោយសារខ្វះធនធាន ខ្វះជំនាញ និងថវិកា ក្នុងការចំណាយដើម្បីរៀបចំក្រុមហ៊ុនឱ្យមានស្តង់ដារខ្ពស់ បំពេញបាននូវលក្ខខណ្ឌ ដើម្បីឈានចូលទីផ្សារភាគហ៊ុន ខណៈក្រុមហ៊ុនមួយចំនួនទៀតមិនទាន់ស្គាល់ ពីសក្តានុពលរបស់ផ្សារភាគហ៊ុន។
លោកបានកត់សម្គាល់ថា នៅកម្ពុជាក្រុមហ៊ុនមួយចំនួនដែលមានសក្តានុពល ហាក់មិនសូវប្រើសក្តានុពលរបស់ខ្លួន ដើម្បីឈានជើងចូលទីផ្សារមូលបត្រ ដើម្បីកៀរគរទុនពីសាធារណជននោះទេ ហេតុដូច្នេះហើយយូរៗទៅក៏ក្រិន មិនមានការរីកចម្រើន ខុសពីនៅបណ្តាប្រទេសជឿនលឿន ក្រុមហ៊ុនធំៗដែលរីកចម្រើនបានលឿន គឺដោយសារចូលផ្សារហ៊ុន តាមរយៈការកៀរគរដើមទុនពីសាធារណជន ដើម្បីពង្រីកអាជីវកម្ម ។
លោកបានឱ្យដឹងថា ដើម្បីគាំទ្រឱ្យក្រុមហ៊ុនតូចៗឈានជើងចូលទីផ្សារភាគហ៊ុន កៀរគរទុនពីសាធារណជនបាន ផ្សារមូលបត្រកម្ពុជា បានបង្កើតផ្សារ២ប្រភេទ គឺទី១.សម្រាប់ក្រុមហ៊ុនធំៗ ដែលមានដើមទុនចាប់ពី៧.៥លានដុល្លារអាមេរិក និងទី២.សម្រាប់ក្រុមហ៊ុនតូចៗ ដែលមានដើមទុនចាប់ពី៥០ម៉ឺនដុល្លារ៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ហុង សុហួរ៖