(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានបង្ហាញនូវការសោកស្តោយ ចំពោះការវិនិយោគដីឡូតិ៍ ដែលបានបង្កអាណាធិបតេយ្យ ខូចខាតស្ថានភាពដីផងដែរ និងខ្ជះខ្ជាយធនធានជាច្រើន ទៅលើគម្រោងដីឡូតិ៍ទាំងនោះ។
ការលើកឡើងរបស់លោក ហុង សុហួរ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «អនាគតនៃការវិនិយោគ ភាគហ៊ុននៅកម្ពុជា, តើគួរវិនិយោគបែបណា ដើម្បីកុំឱ្យមានហានិភ័យ?»។
លោក ហុង សុហួរ បានថ្លែងថា «ការវិនិយោគលើវិស័យមូលបត្រ និងវិស័យអចលនទ្រព្យ គឺប្រហាក់ប្រហែលគ្នា ប៉ុន្ដែអ្នកវិនិយោគិនតូចៗ អ្នកធ្វើការទូទៅភាគច្រើនវិនិយោគលើវិស័យមូលបត្រ ព្រោះការវិនិយោគលើវិស័យនេះ មិនត្រូវការទុនច្រើននោះឡើយ យើងមានទុនត្រឹមតែ ៥០ដុល្លារ ឬ១០០ដុល្លារ ក៏អាចវិនិយោគបាន។ ប៉ុន្ដែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ នៅស្រុកគេមិនងាយវិនិយោគនោះឡើយ ទល់តែអ្នកមានទ្រព្យធនខ្លាំងទើបអាចវិនិយោគបាន»។
លោកបានបន្ដថា «ប៉ុន្ដែនៅកម្ពុជាអាចវិនិយោគ លើវិស័យអចលនទ្រព្យបាន ព្រោះមានការពុះដីឡូតិ៍លក់ ដូច្នេះអ្នកមានទ្រព្យធនតិចតួច ក៏អាចវិនិយោគលើដីឡូតិ៍បាន ដែលជាការវិនិយោគជាអាណាធិបតេយ្យ ដែលអាចបណ្ដាលឲ្យខូចដីទូទាំងប្រទេស ព្រោះការវិនិយោគភាគច្រើន វិនិយោគហើយទុកចោល ដែលនេះជាការខ្ជះខ្ជាយធនធានខ្លាំងមែនទែន»។
លោកបានបញ្ជាក់ថា នៅស្រុកគេអ្នកតូចៗ អាចវិនិយោគលើវិស័យមូលបត្រ ចំណែកអ្នកធំវិនិយោគលើអចលនទ្រព្យ៕
សូមស្តាប់ការលើកឡើងរបស់លោក ហុង សុហួរ៖