(ប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានឱ្យដឹងនៅថ្ងៃសុក្រថា ការលក់នៅក្នុងប្រទេសចិនរបស់ខ្លួន បានកើនឡើង៨.៨ភាគរយ ដល់កំណត់ត្រាខ្ពស់ គឺមានចំនួនជាង៦៥៧,០០០គ្រឿង ក្នុងឆ្នាំ២០២៤, ជាដំណើរការដ៏រឹងមាំ ក្នុងទីផ្សារប្រកួតប្រជែង ក្នុង១ឆ្នាំ នៅពេលដែលការចែកចាយរថយន្ត នៅទូទាំងសកលប្រចាំឆ្នាំរបស់ខ្លួន បានធ្លាក់ចុះជាលើកដំបូង។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេបំផុត នៅលើពិភពលោកនោះ ក៏បានកើនឡើង១២.៨ភាគរយផងដែរ ក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា ដែលមានចំនួនកំណត់ត្រាខ្ពស់៨៣,០០០គ្រឿង។ យោងតាមទិន្នន័យពីក្រុមហ៊ុន Tesla នៅប្រទេសចិន។

ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានប្រគល់រថយន្ត៣៦.៧ភាគរយ នៃរថយន្តរបស់ខ្លួន ទៅកាន់អតិថិជន នៅក្នុងប្រទេសចិន, ជាទីផ្សារធំជាងគេបំផុតលំដាប់ទី២របស់ក្រុមហ៊ុន, នេះដោយផ្អែកលើតួលេខលក់។

យ៉ាងណាមិញ, ការចែកចាយរថយន្តនៅទូទាំងពិភពលោករបស់ខ្លួន បានធ្លាក់ចុះ១.១ភាគរយ, មិនដូចទៅនឹងការព្យាករណ៍ ថាមានកំណើនតិចតួច កាលពីពេលមុន របស់លោកនាយកប្រតិបត្តិ Elon Musk នោះទេ ខណៈការនាំចេញពីប្រទេសចិន បានធ្លាក់ចុះ២៤ភាគរយ។

ក្នុងខែធ្នូ, ការលក់រថយន្តអគ្គិសនីផលិតឡើងនៅប្រទេសចិន របស់ក្រុមហ៊ុន Tesla ក្នុងនោះរួមទាំងការនាំចេញទៅកាន់អឺរ៉ុប និងទីផ្សារដទៃទៀត បានធ្លាក់ចុះ០.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៩៣,៧៦៦គ្រឿង។ នេះបើយោងតាមទិន្នន័យ ពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានចេញផ្សាយនៅថ្ងៃសុក្រ, បាននាំឱ្យក្រុមហ៊ុន Tesla មានការធ្លាក់ចុះការចែកចាយប្រចាំឆ្នាំ ជាលើកដំបូង ពីរោងចក្រនៅទីក្រុងសៀងហៃរបស់ខ្លួន។

ការលក់ពេញមួយឆ្នាំ នៃរថយន្តម៉ូឌែល Model 3 និង Model Y ដែលផលិតឡើងនៅប្រទេសចិន ក្នុងនោះរួមទាំងការលក់ក្នុងប្រទេសចិន​ និងនាំចេញ បានធ្លាក់ចុះ៣.៣ភាគរយ។ ការនាំចេញពីប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹមប្រមាណ២៦០,០០០គ្រឿង កាលពីឆ្នាំមុន, ជាដំណើរការលក់ដ៏អាក្រក់របស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០២១។ នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើតួលេខពីក្រុមហ៊ុន Tesla និងសមាគម CPCA៕