(បាងកក)៖ របាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការអចិន្រ្តៃយ៍រួមសម្រាប់ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បង្ហាញថា ឯកជនបំណុលគ្រួសារនៅប្រទេសថៃ រួមទាំងប្រាក់កម្ចីក្រៅផ្លូវការបានកើនឡើងដល់ជាង ១០០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលត្រូវបានរំពឹងថានឹងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ច។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់ការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Chulalongkorn ដែលត្រូវបានចាត់តាំងដោយគណកម្មាធិការ JSCCIB ថា អនុបាតបំណុលគ្រួសារធៀបនឹង ផ.ស.ស បានឈានដល់ ១០៤% នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

ការគណនានេះបានរួមបញ្ចូលទាំងប្រាក់កម្ចីក្រៅផ្លូវការ ដែលមិនត្រូវបានរាប់បញ្ចូលក្នុងស្ថិតិផ្លូវការដែលចេញផ្សាយដោយធនាគារកណ្តាលថៃ។ កន្លងមក ធនាគារកណ្តាលថៃបានឱ្យដឹងថា បំណុលគ្រួសារមានប្រហែល ៩០% នៃផលិតផលក្នុងស្រុកសរុប។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ជាមធ្យម បំណុលក្រៅផ្លូវការក្នុងមួយគ្រួសារមានចំនួន ៩៨.៥៣៨បាត ឬប្រហែល ២ ៨៥០ដុល្លារ។

លោក Kobsak Duangdee អគ្គលេខាធិការនៃសមាគមធនាគារថៃត្រូវបានដកស្រង់សម្ដីដោយប្រាប់កាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់គណកម្មាធីការ JSCCIB កាលពីថ្ងៃពុធថា ៤០% នៃគ្រួសាររបស់ពលរដ្ឋថៃមានបំណុលក្រៅផ្លូវការ ទាំងម្ចាស់បំណុល ឬអ្នកខ្ចី។ យោងតាមលោក Kobsak កម្រិតបំណុលគ្រួសារខ្ពស់បង្កបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ចថៃ។

ទោះជាយ៉ាងណា បំណុលក្រៅផ្លូវការមានសារៈសំខាន់ណាស់ក្នុងការជួយដល់សន្ទនីយភាពរបស់គ្រួសារ ដោយបម្រើជាប្រភពមូលនិធិសម្រាប់ទាំងការចំណាយលើការរស់នៅប្រចាំថ្ងៃ និងសកម្មភាពអាជីវកម្ម ជួយគ្រួសារគ្រប់គ្រងភាពអាសន្នផ្នែកហិរញ្ញវត្ថុជាដើម។

យោងតាមការសិក្សាដដែលនេះបានឱ្យដឹងថា ប្រហែល ៣០% នៃគ្រួសារក្នុងប្រទេសថៃដែលទទួលបានប្រាក់ចំណូលពីសេដ្ឋកិច្ចផ្លូវការក៏ពឹងផ្អែកលើបំណុលក្រៅផ្លូវការផងដែរដើម្បីគ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ពួកគេ។

លោក Kobsak បានបន្ថែមថា នៅក្នុងបរិបទនេះ ការបន្ធូរបន្ថយបំណុលក្រៅផ្លូវការតម្រូវឱ្យមានវិធានការសមស្រប ហើយបច្ចេកវិទ្យាឌីជីថលអាចដោះស្រាយបញ្ហានេះបាន៕